វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ៥ ២០២៥
ភ្នំពេញ ៖ សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាមជាចំបាច់ ។
ក្នុងពិធីបើក កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា កន្លងមក សាលាភូមិន្ទរដ្ឋបាល ធ្លាប់បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ចំនួន ៦លើករួចមកហើយ ចាប់ពីឆ្នាំ២០១៦ ដែលមានអ្នកចូលរួមផ្តល់ឈាមសរុប ៨៤៩អង្គ/នាក់ (នារី ១៤៩នាក់ និងព្រះសង្ឃ ១១នាក់)។ សម្រាប់លើកទី៧ នេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ក្នុងប្រព័ន្ធ ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ស.ស.យ.ក. វិស័យមុខងារសាធារណៈ សាស្ត្រាចារ្យ បុគ្គលិក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងព្រះសង្ឃ និងសិស្ស-និស្សិត ជាកម្មសិក្សាការី សិស្សមន្ត្រី អតីតកម្មសិក្សាការី អតីតសិស្សមន្ត្រី ព្រមទាំងសប្បុរសជនផ្សេងទៀត សរុបប្រមាណ ២៣០អង្គ/នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ សង្គហធម៌ ជាកាយវិការមួយដែលមិនអាចកាត់ថ្ងៃបាន ដែលបានចូលរួមចំណែកក្នុងការបរិច្ចាគឈាម ជាប្រយោជន៍ក្នុងការសង្គ្រោះអាយុជីវិតមនុស្ស។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា នៅពេលទៅមុខ សាលាភូមិន្ទរដ្ឋបាល នឹងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ឱ្យបាន ២ដងក្នុងមួយឆ្នាំ ជាការជំរុញស្មារតីរួមចំណែកជួយដល់អ្នកដែលមានតម្រូវការឈាម ដោយផ្អែកតាមលក្ខណៈបច្ចេកទេស សម្រាប់បុរស បីខែអាចបរិច្ចាគម្តង និងស្រ្តី ៤ខែអាចបរិច្ចាគម្តង។
ឯកឧត្តម បានបន្ថែមថា សាលានឹងពង្រីកវិធីសាស្ត្រនៃការជំរុញ ក្នុងភាពជាដៃគូជាមួយស្ថាប័ន ជាមួយអង្គភាពផ្សេងៗទៀត ហើយក៏នឹងជំរុញកម្មសិក្សាការី សិស្សមន្ត្រីនៅក្នុងក្របខណ្ឌការអនុវត្តការងារសង្គម ដើម្បីបំផុសចលនានៃការបរិច្ចាគឈាមនេះ តាមការងាររបស់សាលាឱ្យបានទូលំទូលាយបន្ថែមទៀត ចូលរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌនៃការជំរុញនៃការបរិច្ចាគឈាម គាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសម្តែងការស្វាគមន៍ដោយមោទនភាព ដល់សប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទាន និងសកម្មភាពគ្រប់បែបយ៉ាងក្នុងការជំរុញការបរិច្ចាគឈាមដោយពេញចិត្ត និងមិនទទួលកម្រៃ ក្នុងការចូលរួមចំណែកជួយសង្គ្រោះជនរងគ្រោះ។ លោកប្រធានមជ្ឈមណ្ឌល បានលើកឡើងថា យុទ្ធនាការនាថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យសម្រាប់ទាំងអស់គ្នា និងមានគោលបំណងសំខាន់ពីរគឺ៖ ១).បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ២).ផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោកប្រធានមជ្ឈមណ្ឌល បានបន្ថែមថា ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតឈាមបានទេ។ ការបរិច្ចាគឈាម មិនត្រឹមតែមិនមានផលប៉ះពាល់សុខភាពទេ ថែមទាំងមានអត្ថប្រយោជន៍ សម្រាប់បុគ្គលផ្ទាល់ខ្លួន និងសង្គមជាតិផងដែរ៕