វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ៥ ២០២៥
ភ្នំពេញ ៖ ក្រុមការងារជំនាញបន្តដោះស្រាយជុំវិញការប្រមូលទិន្នន័យសម្រាប់រៀបចំប្លង់បច្ចេកទេសលម្អិតសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក។
ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសាងសង់ CRBC ដើម្បីដោះស្រាយបញ្ហាប្រឈមរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនៅមូលដ្ឋានលើការប្រមូលទិន្នន័យតាមរយៈការខួងរណ្តៅដីជាច្រើនសម្រាប់រៀបចំប្លង់បច្ចេកទេសលម្អិតសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងបានពិភាក្សាលើការជាន់ប្លង់ដីរបស់រដ្ឋ និងឯកជនជាមួយខ្សែផ្លូវនៃព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋានហេដ្ឋរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ លោកអភិបាលស្រុក និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកែប និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះផងដែរ ក្រុមហ៊ុនសាងសង់ CRBC បានធ្វើបទបង្ហាញអំពីចំនួនរណ្តៅដីដែលត្រូវខួង(១៧៥ រណ្តៅ) ប្រភេទទិន្នន័យដែលត្រូវប្រមូលសម្រាប់អនុវត្តការងាររៀបចំប្លង់បច្ចេកទេសសម្រាប់ព្រែកជីក និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើផែនការការងាររួម និងយន្តការសម្របសម្រួលជាមួយប្រជាជន ដើម្បីកាត់បន្ថយជម្លោះ និងជំរុញការងារសម្រេចឱ្យជោគជ័យតាមផែនការ និងបានស្នើក្រុមហ៊ុន CRBC ក្នុងការសម្របសម្រួលផ្តល់ផែនការអនុវត្តការងារប្រមូលទិន្នន័យជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធដើម្បីងាយស្រួលសម្របសម្រួល និងដោះស្រាយ។
សូមបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមក និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយនិងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផងដែរ៕