សម្តេចតេជោ ៖ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនៅមុំបី កើតឡើងដោយបុគ្គល ឬអង្គភាពថ្នាក់ក្រោម

Narith | ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៩ ៥ ២០២៥
ភ្នំពេញ ៖ ជុំវិញរឿងរ៉ាវការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការនាំឲ្យមានផ្ទុះអាវុធបង្កឲ្យកងទ័ពកម្ពុជាស្លាប់ម្នាក់ មិនមែនជាការបញ្ជារបស់រាជរដ្ឋាភិបាល ឬក្រសួងការពារជាតិថៃឡើយ ប៉ុន្តែអាចកើតចេញពីបុគ្គល ឬអង្គភាពថ្នាក់ខាងក្រោម ។

នាឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រៀបរាប់អំពីការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ កាលពីថ្ងៃព្រឹកថ្ងៃ២៨ ឧសភា ក៏ដូចជាការរំលឹកពីអតីតកាលអំពីការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃផងដែរ ។ ក្នុងនោះសម្តេចតេជោក៏បានអះអាងថា ក្រោយមានការផ្ទុះអាវុធនៅព្រំដែនត្រង់ចំណុចមុំបីនោះ ក៏មានការបញ្ជូនអាវុធយុទ្ធភណ្ឌប៉ុន្តែសម្តេចថា ការបញ្ជូនទៅព្រំដែននៅពេលនេះ មិនមែនជាការទៅដើម្បីធ្វើសង្គ្រាមនោះទេ តែសម្រាប់ការត្រៀមបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀត បង្កហេតុណាមួយ ។ សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា រឿងនេះ ជាបទពិសោធន៍ដែលកើតឡើងកាលពីអំឡុងឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។
សម្រាប់បញ្ហាលើកនេះបង្កឲ្យកងទ័ពកម្ពុជាស្លាប់ម្នាក់នោះ សម្ដេចតេជោយល់ឃើញថា អាចជាការបង្កដោយបុគ្គល ឬអង្គភាពថ្នាក់ក្រោម ។ សំឡេង   «លើកនេះ ខ្ញុំ មិនជឿថា វាជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ដ្រីថៃ ឬក្រសួងការពារជាតិថៃ អនុញ្ញាតឲ្យធ្វើបែបនេះទេ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺជាហាក់ដូចជា កើតឡើងដោយបុគ្គល ឬអង្គភាព នៅខាងក្រោមទៅធ្វើរឿងនេះ ដែលព្រលឹមស្រាងៗ ចាប់ផ្ដើមវាយឆ្មក់។ ប៉ុន្ដែម៉ោង ៦ល្ងាចម្សឹលមិញ ក៏ត្រូវបានដកត្រឡប់ទៅវិញ»។ 

សម្ដេចតេជោបន្ដថា ប្រសិនបើករណីនេះ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ប្រហែលជាកងកម្លាំងមិនត្រូវបានដកថយនោះទេ ប្រាកដណាស់ច្បាស់ថា នឹងអាចឲ្យមានបញ្ហាកើតឡើងវែងឆ្ងាយហើយ។
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
យោងតាមក្រសួងការពារជាតិកម្ពុជា ក្រោយកើតមានករណីប៉ះទង្គិចនៅតាមព្រំដែន ក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយភាគីកម្ពុជានឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឲ្យបានឆាប់រហ័ស និងបង្ការកុំឲ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត៕

សម្តេចតេជោ ៖ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនៅមុំបី កើតឡើងដោយបុគ្គល ឬអង្គភាពថ្នាក់ក្រោម