វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៩ ៥ ២០២៥
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានផ្តាំទៅក្រុមមេទ័ពកម្ពុជាថា ធ្វើយ៉ាងណាកុំឱ្យសភាពការណ៍នៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងខេត្តព្រះវិហារ រាលដាលទៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ជាពិសេសកុំឲ្យពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលអាចនាំឲ្យប៉ះពាល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ។
នាឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជា-ថៃ ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវប្រហែលជា១០នាទីនាព្រឹកថ្ងៃទី២៨ ឧសភា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃនឹងជួបពិភាក្សាគ្នា ។
សម្តេចតេជោបន្តថា ការជួបពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាកុំឲ្យសភាពការណ៍នេះរីករាលដាលតាមបន្ទាត់ព្រំដែននៅកន្លែងផ្សេងទៀត និងកុំឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរផងដែរ។
សម្តេចតេជោបានបញ្ជាក់ទៀតថា កម្ពុជាចង់បានបន្ទាត់ព្រំដែនមួយជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយគ្នា មិនចង់ឃើញការបង្ហូរឈាមទេ។
«ខ្ញុំ សង្ឃឹមថា សភាពការណ៍មុំបី ឲ្យត្រឹមមុំបីបានហើយ កុំរាលដាលដល់ប្រាសាទព្រះវិហារ តាមាន់ តាក្របី និងទូទាំងព្រំដែន ។ ហើយរឿងទិដ្ឋភាពយោធាដាច់ដោយឡែក តូចមួយនេះ ឲ្យនៅត្រឹមប៉ុណ្ណឹង កុំឲ្យពាក់ព័ន្ធនឹងយោធារួម កុំឲ្យពាក់ព័ន្ធនឹងវិស័យដ៏ទៃទៀត ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហើយមានបញ្ហាច្រើនណាស់ត្រូវធ្វើជាមួយគ្នា»។
សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្តចំពោះសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃដោយត្រូវជឿជាក់លើរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់ និងជឿលើការដោះស្រាយតាមការចរចាល្អជាងការប្រើកម្លាំងប្រដាប់អាវុធ។
សម្តេចតេជោបន្តថា ពលរដ្ឋក៏មិនត្រូវជឿលើព័ត៌មានអុជអាលនានាដែលបង្កើតដោយក្រុមប្រឆាំង ៕