វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៩ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានសំណាញ់មេឃ និងយុទ្ធភណ្ឌទំនើបៗ ដើម្បីការពារប្រទេស ក្នុងការត្រៀមប្រយុទ្ធជាមួយអ្នកណាដែលមានបំណងឈ្លានពានកម្ពុជា។
ក្នុងឱកាសថ្លែងសារពិសេសនាព្រឹកថ្ងៃទី២៩ ខែឧសភាពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោមានប្រសាសន៍ធា កម្ពុជាអត់មានយន្ត ហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាមាន គឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើប ដើម្បីតប តទៅអ្នកចង់បំពាន។ ការមានប្រសាសន៍របស់សម្តេចតេជោនេះ ដើម្បីឆ្លើយតបទៅអ្នកខំមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីថៃបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។
ចំណុចនេះ សម្តេចតេជោឆ្លើយតប ទៅក្រុមមនុស្សដែលចាំអុជអាលសភាពការណ៍កម្ពុជា-ថៃ សម្តេចតេជោថា ប្រហែលជាពួកគេ អត់ទាន់ស្គាល់សំណាញ់មេឃទេ ខណៈសំណាញ់មេឃបាញ់គ្រាប់ទៅពីក្រោមសំដៅលើយន្តហោះចម្បាំង ។
“អីចឹងអ្នកចូលខំមិនថា ខាងថៃបានរៀបចំយន្តហោះចម្បាំងហើយ គ្រាន់តែជាពាក្យអុជអាលទេ ប៉ុន្តែបើសិនជារឿងពិត កម្ពុជាក៏សូមប្រាប់ត្រឡប់ទៅវិញថា កម្ពុជាបានត្រៀមអាវុធបាញ់អស់ហើយ”។
សម្តេចតេជោបន្តថា ដូច្នេះនៅពេលដែលមានសង្គ្រាមនៅតាមព្រំដែន ភាគីម្ខាងៗមិនដែលប្រើប្រាស់យន្តហោះចម្បាំងនោះទេ ។
ជាមួយគ្នានេះដែរ សម្តេចតេជោមានប្រសាសន៍អះអាងថា កម្ពុជាមានយន្តហោះប្រភេទការពារដែនអាកាសយ៉ាងល្អប្រសើរដែលអាចបាញ់សាកល្បង៤០គីឡូទៅម្ខាងទៀត៕