វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
រាជធានីភ្នំពេញ៖ ដើម្បីធានាបានថា រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ដែលអាច ឆ្លើយតបទៅនឹងតម្រូវការ នៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីបានរៀបចំឱ្យមានសិក្ខាសាលា ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ។
អង្គសិក្ខាសាលានេះបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានវត្តមានលោក មាស ពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារ សាធារណៈជាគ្រូឧទ្ទេស ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការរដ្ឋបាលរាជធានី,រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលានេះ គឺក្នុងគោលបំណងផ្សព្វផ្សាយអំពីខ្លឹមសារ «អនុក្រឹត្យស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ» ដែលជាលិខិតបទដ្ឋានគតិយុត្តមួយថ្មី សម្រាប់គ្រប់គ្រងមុខតំណែង នាយក នៃគ្រឹះស្ថានមត្តេយសិក្សា និងបឋមសិក្សា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះត្រូវបានរៀបចំឡើងជាលើកទី២ បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយលើក ទី១ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ភាព ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តផ្តោតលើ ការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ព្រមទាំងបាន កំណត់ជាអាទិភាពគន្លឹះចំនួន ០៥ ក្នុងនោះ អាទិភាពគន្លឹះទី១ គឺ «ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ»។ លើមូលដ្ឋាននៃការអនុវត្តវិធានការគន្លឹះនេះ ក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈបានបន្ត ពង្រឹងការគ្រប់គ្រងបុគ្គលិកជាមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការផ្ទេរមុខងារ ដោយ ផ្សារភ្ជាប់មកជាមួយនូវធនធាន (មនុស្ស និងហិរញ្ញវត្ថុ) កាន់តែច្រើនឡើងៗ ដើម្បីធានាបានថា រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ដែលអាច ឆ្លើយតបទៅនឹងតម្រូវការ នៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក កើត ឆែ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹង យកទៅអនុវត្តក្នុងការងារគ្រប់គ្រងបុគ្គលិក អប់រំខណ្ឌ ធានាបាននូវអត្ថប្រយោជន៍ លក្ខខណ្ឌការងារ និងការវិវត្តអាជីពរបស់ខ្លួន។
លោក កើត ឆែ នាឱកាសនោះក៏បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ ដែល កន្លងមក តែងតែបានណែនាំ តម្រង់ទិស និងផ្តល់ការគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពក្រោមឱវាទ ពិសេស លើការបណ្តុះបណ្តាលជំនាញសមត្ថភាព ដើម្បីការលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ៕