វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
ខេត្តព្រះវិហារ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ តំណាងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនិងតំណាងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ ៧៩៣ ដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារ ។
អំណោយដែលនាំយកទៅចែកជូនកងទ័ពខាងលើនេះរួមមាន៖ ថវិកា មី ស្រាបៀរ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រីបង្កង ទឹកស៊ីអ៊ីវសណ្តែកសៀង សរុបជាទឹកប្រាក់ចំនួន១៧ ៤៧៨ ០០០រៀល។ ឧបត្ថម្ភជាសម្ភារ:ប្រើប្រាស់មានចបកាប់ ដែកស្បែង ពូថៅ កាំបិត
ផ្គាក់ ត្រសេះ ញញូរ ប៉ែល បង្គំ សរុបទឹកប្រាក់ចំនួន ៧ ៥៨០ ០០០រៀល។ ឧបត្ថម្ភជាថវិកាជូនអង្គភាព និងកងកម្លាំងនគរបាលចំនួន ៩លានរៀល ។ ជាមួយគ្នានេះ ដោយមានសំណូមពរពីមេបញ្ជាការ ក្រុមប្រតិភូនឹងជួយសាងសង់ផ្លូវបេតុងចូលបន្ទាយប្រវែង ៨៥ម ទទឹង ១០ម ផងដែរ បន្ថែមលើការផ្តល់អាងទឹកបេតុងចំនួន ៤ នៅទីតាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ។
បន្ទាប់មក ក្រុមប្រតិភូក៏បានចូលរួមគោរពវិញ្ញាណខន្ធសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ ព្រមទាំងបច្ច័យបុណ្យសពចំនួន ២លានរៀល ៕