វិទ្យុជាតិកម្ពុជា
សម្តេចធិបតីហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុន YACHIYO Engineering Co., Ltd. ដែលបង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ បន្ថែមទៀត ដើម្បីជំរុញការលើកកម្ពស់គុណភាពបរិស្ថានឱ្យកាន់តែល្អប្រសើរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន័ ដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥, នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី, ប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពី វឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធនឹងការកែច្នៃសំណល់។ លោកក៏បានគោរពជម្រាបពីគោលបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលើការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើប ក្នុងការដោះស្រាយ បញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើក កម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាត។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុង វិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋកម្ពុជាមិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ពោលគឺនៅពេល ដែលកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែរីកចម្រើន និងចំនួនប្រជាជនកាន់តែកើនឡើង តម្រូវការក្នុងការ ប្រើប្រាស់ទឹក និងការបញ្ចេញសំណល់ក៏កើនឡើងដូចគ្នាដែរ។ ក្នុងន័យនេះ, ការវិនិយោគលើការ កែច្នៃសំណល់ និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ សម្តេចធិបតីក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិ បត្តិការលើការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នេះ។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់។
សូមបញ្ជាក់ថា ក្រុមហ៊ុន YACHIYO Engineering Co., Ltd. ជាក្រុមហ៊ុនធំបំផុតមួយរបស់ជប៉ុន ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យវិស្វកម្ម ដែលត្រូវបានង្កើតឡើងតាំងពីឆ្នាំ ១៩៦៣។ បច្ចុប្បន្នក្រុមហ៊ុន បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងជាច្រើន និងចម្រុះនៅក្នុងប្រទេសជាង១០០ ជុំវិញពិភពលោក៕