វិទ្យុជាតិកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះអង្គការ JETRO ដែលបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization-JETRO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, នាឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតីដែលបាន ចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ។ លោកនាយកប្រតិបត្តិ បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានចូលរួមសហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ នាថ្ងៃនេះ ដែលទទួល បានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុន-សហគ្រាសជប៉ុននិងកម្ពុជា។ លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការ JETRO ដែលនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាព វិនិយោគនៅកម្ពុជា នាពេលខាងមុខ។
ជាការឆ្លើយតប, សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលបាន ចូលរួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ សម្ដេចធិបតី ចាត់ទុកវេទិកានេះជាយន្តការដ៏សំខាន់ ក្នុងការ ជំរុញទំនាក់ទំនងធុរជនកម្ពុជា-ជប៉ុន ក៏ដូចជាការផ្សព្វផ្សាយនូវឱកាសវិនិយោគ និងភាពទាក់ទាញនៃការ វិនិយោគនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការបន្តយកចិត្តទុកដាក់អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងវិស័យឡូជីស្ទីក ដូចជា បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅ ជាដើម។ សម្ដេចធិបតី ក៏បានលើកឡើងអំពីការ ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកសម្រាប់វិនិយោគិនជប៉ុន ដែលនឹងជាគំរូថ្មីមួយ នៃការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលមានឯកទេសកម្ម ទៅតាមប្រភេទឧស្សាហកម្ម ឬ ប្រទេសជាក់លាក់។សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនភាព អំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យអង្គការ JETRO បន្តដើរតួនាទីជាស្ពាន ផ្សារភ្ជាប់ ទំនាក់ទំនងរវាងវិនិយោគិនជប៉ុន និងកម្ពុជា និងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ឱ្យកាន់តែកើនឡើង ថែមមួយកម្រិតទៀត៕