វិទ្យុជាតិកម្ពុជា
សម្តេចធិបតីហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា កម្ពុជាមានគោលនយោបាយបើកចំហ និងស្វាគមន៍ ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក។ បន្ថែមពីនេះទៀតរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ខណៈប្រធានក្រុមហ៊ុន Shinto Holdings Inc., បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, នៅក្នុងឱកាសនៃដំណើរទស្សនកិច្ច ការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញា សិប្បនិម្មិត (AI) ជាដេីម។ បច្ចុប្បន្ន, ក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារហ៊ុន និងកំពុងមានប្រតិបត្តិការអាជីវកម្ម ជាច្រើនពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្នុងប្រទេសជប៉ុន។ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា, ក្រុមហ៊ុនមាន ចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន (ការកែច្នៃសំណល់) និងបញ្ញាសិប្បនិម្មិត (AI)។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការស្វាគមន៍ និងសម្តែងក្តីសោមនស្សរីករាយដែលបានជួប ជាមួយលោកប្រធានក្រុមហ៊ុន និងសហការីក្នុងឱកាសនេះ។ សម្ដេចធិបតីបានលើកឡើងថា កម្ពុជា មានគោលនយោបាយបើកចំហ និងស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក ហើយ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពផងដែរ។ សម្ដេចធិបតីបានបន្ថែមថា ស្របពេលដែលកំណើនប្រជាជនបន្តកើនឡើង និងការរីកលូតលាស់នៃ នគរូបនីយកម្មនៅតាមទីក្រុង-ទីប្រជុំជន, រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតអាទិភាពលើការវិនិយោគ ដែលគាំទ្រដល់កិច្ចការពារបរិស្ថាន ដែលរួមមានការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់។ សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយដៃគូវិនិយោគ ក្នុងស្រុក ដេីម្បីចាប់ឱកាសវិនិយោគជាក់ស្តែងលេីវិស័យខាងលេីនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងមានអាជីវកម្ម ក្នុងវិស័យជាច្រើន រួមមាន៖វិស័យកាត់ដេរ,អចលនទ្រព្យ ពាណិជ្ជកម្ម,ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI) ។ ក្រុមហ៊ុននេះបានចុះបញ្ជី ក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន៕