វិទ្យុជាតិកម្ពុជា ៖ វ៉ែន សុវុទ្ធី ២៩ ៥ ២០២៥
ភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌ នៃការចែករំលែក ស្របតាមទិសស្លោក “សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ” និង “សមរភូមិមុខការពារ សមរភូមិក្រោយ” លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ ប្ញស្សីកែវ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំប្រតិភូ ចុះមកដល់ទីតាំងលេណដ្ឋានផ្ទាល់កៀកសមរភូមិ ដើម្បីសួរសុខទុក្ខ និងនាំយក ស្បៀងអាហារជូនកងទ័ពវរៈសេនាតូចលេខ ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលជាសម្ព័ន្ធ មេត្រីភាព មានទីតាំងឈរជេីងនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នាឱកាសនោះ ក្នុងនាមមន្ត្រីរាជការ និងជាប្រជាជនខណ្ឌប្ញស្សីកែវ បានថ្លែងអំណរគុណ និងកោតសរសើរ បំផុតចំពោះគុណបំណាច់វីរភាពកងទ័ពដ៏អង់អាចក្លាហានប្តូរផ្តាច់ការពារទឹកដីប្រទេសជាតិយើង។ កងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ “ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា” ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា ដើម្បីតបស្នងសងគុណ ក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ តាមរយៈការចូលរួម គាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអង្គភាពជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌ នៃការចែករំលែក ស្របតាមទិសស្លោក “សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ” និង “សមរភូមិមុខការពារ សមរភូមិក្រោយ” ។ ក្នុងពិធីសំណេះសំណាល រដ្ឋបាលខណ្ឌប្ញស្សីកែវ បានផ្តល់ជូនវរ:សេនាតូចលេខ ៣៩១ នូវគ្រឿង ឧបភោគ បរិភោគមួយចំនួនធំ និងថវិកា៣០លានរៀល (រដ្ឋបាលខណ្ឌប្ញស្សីកែវ ថវិកា១០លានរៀល រដ្ឋបាលខណ្ឌដូនពេញ ថវិកា១០លានរៀល និងរដ្ឋបាលខណ្ឌជ្រោយចង្វារ ថវិកា១០លានរៀល) ផងដែរ ៕