វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៥
ភ្នំពេញ ៖ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា(CABC) បានសន្យាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) ដែលដឹកនាំដោយលោក Wayne Farmer ប្រធាន CABC កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងនូវការពេញចិត្តពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជានិងកាណាដា និងសេចក្ដីសោមនស្សរីករាយចំពោះការសម្រេចរបស់រដ្ឋាភិបាលកាណាដាបើកស្ថានទូតពេញលេញនៅកម្ពុជា។ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូដែលបានឆ្លៀតឱកាសមមាញឹកមកសិក្សាស្វែងយល់បរិយាកាសធុរកិច្ច និងបានជម្រាបជូនពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ឯកឧត្តមលឹម វិសាល បានសម្ដែងនូវការពេញចិត្តពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជានិងកាណាដា និងសេចក្ដីសោមនស្សរីករាយចំពោះការសម្រេចរបស់រដ្ឋាភិបាលកាណាដាបើកស្ថានទូតពេញលេញនៅកម្ពុជា។ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូដែលបានឆ្លៀតឱកាសមមាញឹកមកសិក្សាស្វែងយល់បរិយាកាសធុរកិច្ច និងបានជម្រាបជូនពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដាដែលបានផ្តល់ប្រព្រឹត្តកម្មអនុគ្រោះពាណិជ្ជកម្មដល់បណ្តាប្រទេសមានការអភិវឌ្ឍតិចតួច រួមទាំងកម្ពុជាផង ដែលទាំងនេះបានចូលរួមចំណែកបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា ធ្វើឱ្យកាណាដាក្លាយជាទីផ្សារធំទី៦របស់កម្ពុជា។
ឯកឧត្តមសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគកាណាដានៅកម្ពុជា ដែលបច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។ ឯកឧត្តមក៏បានជម្រាបគណៈប្រតិភូពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងនេះឱ្យបានឆាប់។
ជាការឆ្លើយតប លោក Wayne Farmer បានលើកឡើងថា ទំហំគណៈប្រតិភូកាណាដានាពេលនេះដែលមានប្រមាណជាង៨០ក្រុមហ៊ុន បង្ហាញពីចំណាប់អារម្មណ៍ខ្ពស់របស់ធុរជនកាណាដាលើកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោកបានកោតសរសើរជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងបានសន្យាថា នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។ លោកបានអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ នៅខែកញ្ញាខាងមុខ និងវេទិកាភាពជាដៃគូរដ្ឋ-ផ្នែកឯកជនលើវិស័យហេដ្ឋារចនាសម្ព័ន្ធកាណាដា នៅទីក្រុង តូរ៉ុនតូ នាចុងឆ្នាំនេះ។
សូមបញ្ជាក់ថា CABC ត្រូវបានបង្កើតឡើងនាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១ នៅឆ្នាំ២០១២ ដើម្បីលើកកម្ពស់កាលានុវត្តភាពធុរកិច្ច និងបង្កើតបណ្តាញធុរកិច្ចរវាងអាស៊ាន និងកាណាដា៕