វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងឈរជើងនៅគ្រប់ទិសទីក្នុងបេសកកម្មការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបានកើតឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា គ្រប់ពេលថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងសន្តិវិធី ក្រោមស្មារតីសន្តិភាព ហើយសង្ឃឹមថា ស្ថានភាពនឹងវិលត្រឡប់ទៅធម្មតាវិញឆាប់ៗ ដើម្បីជាផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីនិងសហការី ក៏សូមបញ្ជូននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងឈរជើងនៅគ្រប់ទិសទីក្នុងបេសកកម្មការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕