វិទ្យុជាតិកម្ពុជា ៖ វ៉ែន សុវុទ្ធី ៣០ ៥ ២០២៥
ភ្នំពេញ ៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងវរសនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ បានប្ដេជ្ញាការពារសន្តិភាពការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស សូមប្ដេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដើម្បីបម្រើប្រយោជន៍ដល់សង្គមជាតិ។
ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់ នាយទាហាន នាយទាហានរង ពលទាហាន នាយនិងពលនគរបាលរបស់សម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ថា កម្ពុជានាពេលបច្ចុប្បន្ន ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការដោះស្រាយ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបឈ្នះ បង្កើនធនធានមនុស្សក្នុងជួរកងទ័ព ពង្រឹងសមត្ថភាពជំនាញ និងកសាងពង្រឹងអង្គភាពឱ្យបានរៀបរយ បង្កលក្ខណៈ ឱ្យកងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការបំពេញកិច្ចការពារបូរណភាពទឹកដី និងសហការ ការពារថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម ជាឆ្អឹងខ្នងដ៏រឹងមាំលើភារកិច្ចការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងនាមទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នាយនិងពលនគរបាល កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងវរសនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ សូមប្ដេជ្ញាការពារសន្តិភាពការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស សូមប្ដេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សាក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
« សូមប្តេជ្ញាការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដាច់ខាត។ សូមប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាលយើង។ ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្ដួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមប្តេជ្ញា កម្ទេចចោលរាល់ជនណាមួយដែលបង្កអស្ថេរភាពនៅក្នុងប្រទេសកម្ពុជា។ សូមប្តេជ្ញាកម្ទេចចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត»។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធនៈ ដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ និងកម្ពុជា-ឡាវ ទិសអូរអាឡៃ-អូរតាង៉ាវ រហូតដល់បង្គោលព្រំដែនគោកលេខ១០១ តាមរយៈសម្ព័ន្ធមេត្រីភាព រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ដោះស្រាយក្នុងការកសាងអង្គភាព។ ជាសកម្មភាពដ៏ថ្លៃថ្លាឧត្តុង្គឧត្តម ដែលបាននាំមកជូនកងទ័ព ប្រជាពលរដ្ឋកម្ពុជា នូវបរិយាកាសសប្បាយរីករាយ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យក្រោមដំបូលនៃសុខសន្តិភាព សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នេះជាលើកទី១៥ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញចុះមកសំណេះសំណាល សួរសុខទុក្ខ ដល់ នាយទាហាន នាយទាហានរង និងពលទាហាន និយាយរួម ដោយឡែកអញ្ជើញមកក្នុងកងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ចំនួន ៧លើក៕