វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ៣០ ០៥ ២៥
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបង្ការទប់ស្កាត់ការជួញដូរមនុស្សទាំងនៅកម្ពុជា និងអន្ដរជាតិ ដើម្បីធានារក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនគ្រប់រូប។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃកិច្ចខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្ដិទី៦ និងទី៧នេះ បានតម្កល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទជាអាទិភាព ដើម្បីធានារក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនគ្រប់រូប មិនត្រឹមតែប្រជាជនកម្ពុជាតែប៉ុណ្ណោះនោះទេ សូម្បីតែជនបរទេសរស់នៅកម្ពុជាទាំងអស់ត្រូវបានការពារផងដែរ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានចូលរួមចំណែកជាមួយបណ្ដាប្រទេសជិតខាង និងអន្ដរជាតិ ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សដែលកុំឱ្យជះឥទ្ធិពលលើគ្នាទៅវិញទៅមក។ជាពិសេស បានរៀបចំច្បាប់ជាតិ និងអន្ដរជាតិ ហើយចូលជាសមាជិក និងប្ដេជ្ញាអនុវត្ដ ដែលក្លាយជាប្រទេសឈានមុខក្នុងការប្ដេជ្ញាអនុវត្ដស្ដីពីទេសន្ដប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់ ដើម្បីបង្ការទប់ស្កាត់មិនឱ្យមានអំពើជួញដូរមនុស្ស។
លោកជំទាវ ជូ ប៊ុនអេងបានបញ្ជាក់ថា បច្ចុប្បន្ននេះ ការឆបោកតាមអនឡាញ និងជួញដូរមនុស្សមានភាពកើនឡើង បន្ទាប់ពីមានការរីកចម្រើនបច្ចេកវិទ្យា ខណៈដែលបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកកំពុងរួមគ្នាដោះស្រាយ។
លោកជំទាវបានបញ្ជាក់ទៀតថា ភាពកើនឡើងអំពីបញ្ហានេះ ដោយសារកត្ដាតម្រូវការ ការផ្គត់ផ្គង់ និងការប្រែប្រួលឥរិយាបថរបស់មនុស្សបច្ចុប្បន្នភ្លើតភ្លើន ធ្វើឱ្យឆ្លៀតឱកាសបង្កើតបណ្ហាជាច្រើន ដែលធ្វើឱ្យការបង្រ្កាបមានការពិបាក និងការលុបបំបាត់មិនមានភាពងាយស្រួល៕