វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង-រដ្ឋលេខាធិការក្រសួងទេសចរណ៍បានចាត់ទុកទឹកដីខេត្តស្ទឹងត្រែងមានសក្តាសនុពលទេសចរណ៍ច្រើនជាងបណ្តាខេត្តផ្សេងៗ ព្រោះភូមិសាស្ត្រក្នុងខេត្តមានទន្លេចំនួន៤ និងស្ពានឆ្លងកាត់ទន្លេចំនួន៣ អំណោយផលទៅលើភាពទាក់ទាញភ្ញៀវទេសចរបានច្រើន។
ក្នុងសិក្ខាសាលាស្តីពីឱកាសធុរកិច្ចវិនិយោគក្នុងវិស័យទេសចរណ៍និងការផ្សព្វផ្សាយជំរុញយុទ្ធនាការរដូវកាលបៃតងនៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមគុជបញ្ញាសារដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា៖នៅពេលយើងមានសក្តានុពលស្រាប់បែបនេះអាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែងមានឱកាស លើកទឹកចិត្ត ទាក់ទាញអ្នកវិនិយោគ និងបង្កើនកិច្ខសហការបន្ថែមក្នុងការផលិតនូវផលិតផលផ្សេងៗ ឱ្យមានស្តង់ដាសម្រាប់បម្រើឱ្យវិស័យទេសចរណ៍។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ ប្រទេសកម្ពុជាយើងនៅឆ្នាំ២០២៤ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ មកលេងនេះជាឱកាសដ៏មានតម្លៃសម្រាប់ប្រជាជនយើងកែច្នៃនូវផលិតផលដែលផ្តើមចេញពីវិស័យកសិកម្ម ហើយបម្រើដោយភាពស្មោះត្រង់ជាមួយអតិថិជនតាមរយៈការពង្រឹងវិធានការអនាម័យ។
(សំឡេង)អីចឹងទាល់តែយើងខំប្រឹងធ្វើយ៉ាងណា ច្នៃវាឱ្យបានល្អ បើយើងប្រៀបធៀបជាមួយនឹងប្រទេសជិតខាង បានន័យថាប្រទេសថៃនិងវៀតណាម យើងកំពុងរត់នៅលេខ ៣ គេរត់លេខមួយលេខពីរយើងរត់លេខ បី អីចឹងយើងទាល់តែជំរុញ នៅ ក្នុងឧស្សាហកម្មទេសចរណ៍នេះឱ្យបានស្តង់ដាណាមួយ និង មានភាពប្រកួតប្រជែង។
ឯកឧត្តមសរសុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ក្នុងមួយរយៈ ដ៏ខ្លីនេះរដ្ឋបាលខេត្តប្រឹងប្រែងអភិវឌ្ឃខេត្តឱ្យមានសោភណភាពបានច្រើនកន្លែង ដូចជានៅចំណុចអូរពងមាន់ សួននាគជ័យមុខសាលាខេត្ត ចំណុចកងចក្រ សួនច្បារមាត់ទន្លេ ទីតាំងប្រវត្តិសាស្ត្រព្រះរាជដំណាក់ជាដើម។
ឯកឧត្តមមានប្រសាសន៍បន្ថែមថាៈជាមួយគ្នានេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ណែនាំដល់គ្រប់ម្ចាស់ប្រកបអាជីវកម្ម លើវិស័យទេសចរណ៍ឱ្យអនុវត្តគោលការណ៍លក់ដូរ មិនដំឡើងថ្លៃសេវា។
(សំឡេង)អីចឹងហើយបានជាកាលពីយើងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខ្ញុំបានចេញសេចក្តីជូនដំណឹងទៅកាន់ម្ចាស់ ភោជនីយដ្ឋានម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះស្នាក់ កន្លែងលក់ដូរហូបចុកទាំងអស់ គឺហាមដាច់ខាតមិនឱ្យមានការដំឡើងថ្លៃខុសគោលការណ៍ណែនាំ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ភ្ញៀវទេសចររបស់យើង។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងបន្ទាប់ពីបានអភិវឌ្ឍគោលដៅសំខាន់ៗបានច្រើនកន្លែងមកនោះអភិបាលខេត្តបានលើកគម្រោងរៀបចំស្ថាបនាផ្លូវថ្មើរជើង ដែលមានសារៈសំខាន់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ គឺផ្លូវថ្មើរជើងដើរឱ្យមានសុខភាពល្អនិងបានស្រូបយកខ្យល់អាកាសល្អផង ។
ជាមួយគ្នានេះ បើតាមគម្រោងដែលបានគ្រោងទុក អភិបាលខេត្តនឹងរៀបចំសួនតេជោសន្តិភាព ចំណតរថយន្ត ហើយនៅតាមដងទន្លេ ចាប់ពីភោជនីយដ្ឋានទន្លេខៀវ ទៅដល់មុខព្រះរាជដំណាក់ រៀបឱ្យមានបន្ទប់អនាម័យសាធារណៈ មានកន្លែងសម្រាប់កុមារលេង ក្នុងនោះ រដ្ឋបាលខេត្តកំពុងសុំគោលការណ៍រៀបចំ វេទិកាអុំទូកបន្ថែម ដែលដាក់ឈ្មោះថាព្រះពន្លាជ័យខេត្តស្ទឹងត្រែង ធ្វើលយទៅលើដងទន្លេ ដែលរៀបឱ្យមានជាក្បាច់ក្បូរជាលក្ខណៈ សិល្បៈបុរាណខ្មែរ ជាអត្តសញ្ញាណដ៏ផូរផង់ក្នុងនាម កូនចៅជំនាន់ក្រោយ នៃទឹកដីដែនសុវណ្ណភូមិរបស់យើង៕