អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ច្រានចោលចំពោះការចោទប្រកាន់ថា បណ្ឌិត ស សុខា ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៣០ ៥ ២០២៥

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបដិសេធនិងទាត់ចោលចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេសថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានការជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ។
  
ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ នេះក្រោយពីក្រុមប្រឆាំងបានលើកឡើងថា ឯកឧត្តមបណ្ឌិតស សុខា គឺជាភ្នាក់ងារកណ្តាលនៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកល ។
ចំពោះការចោទប្រកាន់នេះ តាមរយៈសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី៣០ខែ ឧសភា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបថា ជារឿងមិនពិតនោះទេ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ។ ជាមួយគ្នានេះដែរ លោកទូច សុឃៈ ក៏បានស្នើឲ្យអ្នកសារព័ត៌មាន និងសាធារណជននានាកុំជឿលើព័ត៌មានបែបញុះញង់គ្មានការពិតនេះ។
សំឡេង “ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនងជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ។ ក្នុងនោះគឺយើងខ្ញុំសូមទាត់ចោល ច្រានចោលគឺមិនអាចទទួលយកបានជាដាច់ខាត” ។
ការប្រកាសទាត់ចោលពីសំណាក់លោកទូច សុឃៈនេះ ដោយលោកអះអាងថា ព្រោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា គឺជាអ្នកដែលមានឆន្ទ:មុះមុតក្នុងការបង្ក្រាបនូវរាល់សកម្មភាពបទល្មើសទាំងការជួញដូរមនុស្ស និងការឆបោកតាមអនឡាញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្ដិទី៦ និងទី៧នេះ បានតម្កល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទជាអាទិភាព ដើម្បីធានារក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនគ្រប់រូប មិនត្រឹមតែប្រជាជនកម្ពុជាតែប៉ុណ្ណោះនោះទេ សូម្បីតែជនបរទេសរស់នៅកម្ពុជាទាំងអស់ត្រូវបានការពារផងដែរ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានចូលរួមចំណែកជាមួយបណ្ដាប្រទេសជិតខាង និងអន្ដរជាតិ ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សដែលកុំឲ្យជះឥទ្ធិពលលើគ្នាទៅវិញទៅមក៕