គណបក្សប្រជាជនកម្ពុជា កំពុងសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៣០ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកំពុងឲ្យក្រុមការងារនិងអ្នកជំនាញពាក់ព័ន្ធសិក្សាស្រាវជ្រាវផ្នែកច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ។

ឯកឧត្តម ជា ធីរិទ្ធបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ព័ន្ធគណបក្សទាំង២៩ នៅព្រឹកថ្ងៃទី៣០ ខែឧសភាថា ជាមួយនឹងគម្រោងសិក្សាដើម្បីឈានទៅធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភានេះ សម្តេចតេជោហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា សម្តេចចង់ឲ្យធ្វើវិសោធនកម្មនេះ ដើម្បីគោលដៅពង្រីក និងបង្កើននូវគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតឲ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ ។
“គណបក្សប្រជាជនកម្ពុជាកំពុងតែសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ ។ ឥឡូវនេះយើងកំពុងតែសិក្សាស្រាវជ្រាវ ហើយក៏ចង់បានយោបល់បន្ថែមពីបណ្តាគណបក្សដែលជាសម្ព័ន្ធភាពដែរ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ការធ្វើវិសោធនកម្មនៃច្បាប់ទាក់ទងទៅនឹងការបោះឆ្នោតព្រឹទ្ធសភា”។
ឯកឧត្តមបន្តថា ចំពោះគម្រោងវិសោធនកម្មនេះ គោលបំណងសំខាន់បំផុតមិនចង់ឲ្យសមាជិកព្រឹទ្ធសភាទំនេរទេ គឺធ្វើយ៉ាងណាឲ្យពួកគាត់កាន់តែសកម្មជាមួយពលរដ្ឋ។
ចំពោះគម្រោងវិសោធនកម្មនេះដែរ ឯកឧត្តមអះអាងថា ខាងគណបក្សមិនទាន់កំណត់ថា នឹងវិសោធនកម្មនៅមាត្រាណាមួយនៅឡើយទេ គឺក្រុមការងារជំនាញរបស់គណបក្សនឹងធ្វើការសិក្សានាពេលខាងមុខ ៕

គណបក្សប្រជាជនកម្ពុជា កំពុងសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា