រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ៖ស្ថានភាពនៅព្រំដែន បានវិលត្រឡប់មកធម្មតាវិញ

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិប តិ្តការអន្តរជាតិក្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានកត់សម្គាល់ឃើញថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែន រវាងកម្ពុជា-ថៃ បានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីកិច្ចចរចា រវាងមេទ័ពទាំងពីរប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេ លើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ព ជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចនេះបានកើតឡើង បន្ទាប់ពីយោធាថៃ បើកការវាយប្រហារ មកលើកងកម្លាំងឈរជើងរបស់កម្ពុជា នៅក្នុងតំបន់ខាងលើនេះ ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការ ប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះ ដែលកើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែន គោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការ ដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មាធិការព្រំដែនចម្រុះ(JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់ តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន សំខាន់ទៅលើតំបន់ ដែលបានកើតហេតុនាពេលថ្មីនេះ។
ជាមួយនឹងការប្តេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេសនិងប្រជាជនរៀងៗខ្លួន៕

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ៖ស្ថានភាពនៅព្រំដែន បានវិលត្រឡប់មកធម្មតាវិញ