វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៣០ ០៥ ២៥
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញបណ្ដាគណបក្សនយោបាយនានាទប់ស្កាត់កុំឱ្យកើតមានក្រុមជ្រុលនិយម ឬជាតិនិយមជ្រុល ដើម្បីធានាការពារសន្ដិភាព និងការអភិវឌ្ឍ។
ក្រោយបញ្ចប់កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំគណបក្សនយោបាយ នៅវិមាន៧ មករា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំថា ការរួបរួមគ្នាជាសម្ព័ន្ធភាពពីបណ្ដាគណបក្សនយោបាយនានា គឺដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកើតមានក្រុមជ្រុលនិយម ឬជាតិនិយមជ្រុល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមាននៅក្នុងប្រទេសនោះ កម្ពុជានៅតែមានហានិភ័យ។ ដូច្នេះបើមានជនណាក្រុមណាដែលធ្វើសកម្មភាពចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ដែលផ្ទុយពីច្បាប់នោះ រាជរដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់តែម្ដង។សំឡេង«.....»
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ឥឡូវនេះក្រុមការងារព្រឹទ្ធសភា កំពុងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សដែលជាសម្ព័ន្ធភាពផងដែរ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ការធ្វើវិសោធនកម្មនៃច្បាប់នេះ ក្នុងគោលដៅពង្រីក និងបង្កើននូវគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ បណ្ដាថ្នាក់ដឹកនាំគណបក្សនយោបាយបានប្រកាសគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់កុំឱ្យកើតមានក្រុមជ្រុលនិយម ឬជាតិនិយមជ្រុលនៅកម្ពុជា។ ពិសេសការអនុញ្ញាតឱ្យគណបក្សក្នុងសម្ព័ន្ធភាព ដែលជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចចូលរួមនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២និងទី៣ ខែមិថុនា ខាងមុខនេះ ដើម្បីជាយន្តការមួយអាចឱ្យគណបក្សសម្ព័ន្ធភាព តាមដានឃ្លាំមើលលើគោលនយោបាយ និងការដាក់ចេញពីសមាជជាតិនេះ និងអាចចូលរួមផ្ដល់ធាតុចូលបន្ថែមផងដែរ៕