វិទ្យុជាតិកម្ពុជា អេង នារីរតន៍
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកងទ័ព កុំថតបង្ហោះការចល័តកងទ័ព ការត្រៀមយុទ្ធោបករណ៍ (សម្ភារយោធា)នានា នៅលើបណ្ដាញសង្គមនានា ព្រោះនេះជាការសម្ងាត់ របស់កងទ័ព។
ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការថតបង្ហោះអំពីស្ថានភាព ទីតាំង ឬចល័តទ័ពរបស់កម្ពុជា ស្មើនឹងឱ្យភាគីម្ខាងទៀតដឹងពីចំនួនកងទ័ព ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការស៊ើបអង្កេតឡើយ ព្រោះថា កាំភ្លើងនីមួយៗសុទ្ធតែមាន GPS។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ចឹងខ្ញុំ សូមអំពាវនាវឱ្យបងប្អូន ជាពិសេសកងទ័ពរបស់យើង ព័ត៌មាន ព្រោះឥឡូវទ័ពនីមួយៗសុទ្ធស្មាតហ្វននៅព្រំដែន។ ព្រំដែនរបស់យើង កន្លែងច្រើនសុទ្ធតែមាន 3G 4G ការបង្ហោះព័ត៌មានអីនេះ។ ម្សិលមិញ ថៃ ក៏មានការណែនាំ មិនឱ្យបញ្ចេញសព្វាវុធ។ រឿងគោលការណ៍កងទ័ពលាក់ការ ទីតាំងឈរជើង អាវុធ សម្ភារ។ ប៉ុន្ដែដើម្បីអីបងប្អូន យើងត្រៀមលក្ខណៈដើម្បីអី គោលដៅធំរបស់យើង ទីមួយ ការពារអធិបតេយ្យភាព បូរណភាពរបស់យើងគ្រប់វិធីវិសាស្ដ្រ ដើម្បីបញ្ចៀសពីសង្គ្រាម តែយើងត្រូវការពារទឹកដី តែជៀសមិនបាន ត្រូវវ៉ៃឱ្យឈ្នះ ហើយការពារអាយុជីវិតទាហានរបស់យើងឱ្យបាន នេះជាគោលដៅរបស់យើង»។
សម្ដេចធិបតីបន្ដថា ដូច្នេះតួនាទីភារកិច្ចរបស់កងទ័ពខុសៗគ្នា ខណៈកងទ័ពខ្លះសម្រាប់ទុកវាយលុក ដោយថ្មើរជើង កងទ័ពមួយចំនួនទៀតសម្រាប់ផ្តល់ការឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ និងកងទ័ពខ្លះសម្រាប់អន្តរាគមន៍។
សម្តេចធិបតីបន្ថែមថា ចំពោះសុខទុក្ខកងទ័ពគឺរាជរដ្ឋាភិបាលបានគិតគូរតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន៕