វិទ្យុជាតិកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតម្កល់ការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកងទ័ពជួរមុខ ទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងគោលនយោបាយដីធ្លី ព្រមទាំងផ្ទះសម្បែងជូនពួកគាត់។
ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលរបបហូបរបស់កងទ័ពជួរមុខ គឺច្រើនជាងអ្នកជួរក្រោយ គុណនឹងពីរ ហើយបូកផ្សំជាមួយការឧបត្ថម្ភ និងការគិតគូរតាមរដូវកាលបន្ថែមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពិសេសខែភ្លៀង និងរដូវរងា តាមរយៈការផ្ដល់អាវភ្លៀង និងអាវរងាដល់កងទ័ពជួរមុខ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ចំពោះកងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ដែលធ្វើឲ្យមានការជជែកគ្នានៅលើបណ្ដាញសង្គម ពិសេសការរិះគន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះ សម្ដេចបានពន្យល់ថា នេះគឺជាយុទ្ធវិធីរបស់ទ័ព និងធ្វើយ៉ាងណាដើម្បីឲ្យងាយស្រួលចល័ត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានសង្កត់ធ្ងន់ថា សម្ភារៈ បរិក្ខារបំពាក់ជូនកងទ័ពជារឿងមួយ តែឆន្ទៈរបស់ទ័ពជាកត្តាសំខាន់សម្រាប់កំណត់ភាពឈ្នះ និងចាញ់ ហើយសម្ដេចក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ តែងផ្ដល់កម្លាំងចិត្តយ៉ាងធំធេង រួមជាមួយការឧបត្ថម្ភបន្ដបន្ទាប់ជូនកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ៕