វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០១.០៦.២០២៥
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។យុទ្ឋនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះមានរយៈពេល១ខែពេញ ពោលគឺចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាគឺយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជារម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ និងបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា ។
« នេះគឺជាលើកទី៤ហើយ ដែលមូលនិធិគន្ធបុប្ផាកម្ពុជារៀបចំយុទ្ធនាការមួយម៉ឺនរៀល មួយម៉ឺននាក់ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលមានការចូលរួមយ៉ាងផុសផុល ពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស បុគ្គលមានប្រជាប្រិយនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសផងដែរ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការមួយម៉ឺនរៀល មួយម៉ឺននាក់ នៅក្នុងឆ្នាំ២០២៥នេះ នឹងមានការចូលរួមបរិច្ចាគកាន់តែផុសផុល ច្រើនជាងឆ្នាំមុនៗ ទាំងទំហំថវិកានិងជំនួយសប្បុរសជន » ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្ថែមថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កាលពីឆ្នាំ២០២៤ ទទួលបានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបដែលប្រមូលបាន មានចំនួនជាង ៣.៣លានដុល្លារសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង ។
អ្វីដែលកាន់តែពិសេស មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងកំពុងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ៖ ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន ៕