ខេត្តកែប៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វេីឡើង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំក្រោមអធិបតីភាពលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានលើកឡើងថា ការរៀបចំផែនការយុទ្ធសាស្រ្ដថវិកាសម្រាប់ឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ក្នុងគោលបំណងឱ្យបណ្ដាមន្ទីរជំនាញអនុវត្តថវិកាកម្មវិធីឲ្យបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ សមស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងផ្អែកតាមមូលដ្ឋាននៃច្បាប់ អនុក្រឹត្យ និងប្រកាសស្ដីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិ រួមទាំងប្រកាសបែងចែកឥណទាន ចំណាយថវិកាផ្ទៃក្នុងតាមជំពូក តាមគណនី និងអនុគណនីសម្រាប់ថវិកាកម្មវិធី ស្របតាមគោលបំណង គោលនយោបាយរបស់ក្រសួង ស្ថាប័ននានា ដែលបានដំណើការប្រកបដោយ ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានជោគជ័យនូវសមិទ្ធិផល ពិសេសបន្តធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយគុណភាពបរិយាប័ន្ន និងគោលនយោបាយវិត្ថារកម្ម តាមទិសដៅកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រតិភូកម្មថវិកាឲ្យមន្ទីរជំនាញទាំងអស់អនុវត្ត ថវិកាកម្មវិធីនេះជាលទ្ធផលដ៏ធំធេងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចបានតាមការរំពឹងទុក ដើម្បីត្រៀមចូលសមាហរណកម្មវិស័យសេដ្ឋកិច្ចអាស៊ាន ។
ក្នុងនោះដែរលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានបញ្ចាក់ថា ថវិកាកម្មវិធីគឺជាឧបករណ៍មួយដ៏សំខាន់សម្រាប់៖ -ផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួងស្ថាប័ន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល -បង្កើតវិចារណកម្មអាទិភាពចំណាយឲ្យកាន់តែឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងស្ថាប័ន -ធានានិរន្ដរភាពនៃការអនុវត្តកម្មវិធី/យុទ្ធសាស្រ្ដអាទិភាព របស់ក្រសួងស្ថាប័ន ដើម្បីសម្រេចគោលបំណងគោលនយោបាយ ដែលដាក់ចេញ -ជាមូលដ្ឋានសម្រាប់ពន្យល់ និងបង្ហាញសេចក្ដីសំអាងអំពីតម្រូវការថវិកា សម្រាប់អនុវត្តគោលនយោបាយ -ជាមូលដ្ឋានសម្រាប់ការរៀបចំ និងវិភាជថវិកាប្រចាំឆ្នាំ ឲ្យចំគោលដៅអាទិភាព។
លោកអភិបាលរងខេត្ត បន្តថា ដោយក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ដែលរាជរដ្ឋាភិបាលបានសម្រេចពន្យារពេលរៀបចំ សារាចរណែនាំស្តីពីផែនការយុទ្ធសាស្ត្រថវិកាមករៀបចំរួមគ្នាជាមួយ នឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំតែម្តង ដែលតម្រូវឲ្យមន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ជូនផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ២០២៦-២០២៨ និងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នសាមី និងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ជាកំហិត៕
អត្ថបទ៖ កញ្ញា ម៉េង ចាន់ណា មន្ទីរព័ត៌មានខេត្តកែប