សម្ដេចតេជោ ៖ បើមិនឲ្យ ICJ កាត់ក្ដីតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របីទេ នោះនឹងដូចតំបន់ហ្គាហ្សារវាង ប៉ាឡេស្ទីន-អ៊ីស្រាអែល

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២ ៦ ២០២៥

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា បើមិនឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់សេចក្ដីអំពីបញ្ហាតំបន់ព្រំដែនរវាងកម្ពុជា-ថៃនៅត្រង់ចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទមាន់តូច និងប្រាសាទតាក្របីទេ នោះវាសនានឹងអាចដូចទៅនឹងសង្រ្គាមរវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែលដណ្តើមយកតំបន់ហ្គាហ្សា ។

ការមានប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពី សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លើកនេះ កម្ពុជា បបួលភាគីថៃ យកចំណុចរស៊ើបទាំងបួនកន្លែងនេះ ទៅកាត់សេចក្តីនៅតុលាការអន្តរជាតិ ICJ រីឯគណ:កម្មការព្រំដែន នឹងនៅបន្ដពិនិត្យដើររកបង្គោល និងបោះបង្គោលព្រំដែនជាបន្ដទៀត ។

«មិនមែនបានសេចក្ដីថា យើងប្ដឹងហើយវាចប់រឿងទេ យើងយកទាំងបួនចំណុចនឹងទៅតុលាការតែប៉ុណ្ណោះ ក្រៅពីនោះ គឺគណៈកម្មការនៅបន្ដដើរ ដើម្បីបន្ដវាស់វែង កំណត់ពំ្រដែនជាក់លាក់ ។ បើសិនជាមិនឲ្យតុលាការកាត់ទេ រឿងនេះវាដូចជា តំបន់ហ្គាហ្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែលដូចគ្នា ដោះអត់ចប់ទេ វ៉ៃគ្នារហូត បើមិនតូច ធំ , បើមិនធំ តូច តែប៉ុណ្ណឹង។ ចឹងតើខ្លាចអី ទៅកាន់តុលាការ បើសិនជាយើងមានចិត្តស្មោះ»។
សម្ដេចប្រធានព្រឹទ្ធសភាបញ្ជាក់ទៀតថា កម្ពុជា មិនចង់បានចំណែកដីពីប្រទេសជិតខាងណាមួយនោះទេ គឺកម្ពុជាការពារតែបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលចំនួនសំឡេង ១៨២សំឡេង បានសម្ដែងការគាំទ្រ និងអនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់ សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងពីជម្លោះរវាងកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ៕

សម្ដេចតេជោ ៖ បើមិនឲ្យ ICJ កាត់ក្ដីតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របីទេ នោះនឹងដូចតំបន់ហ្គាហ្សារវាង ប៉ាឡេស្ទីន-អ៊ីស្រាអែល