វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៦ ២០២៥
សមាជរដ្ឋសភានិងព្រឹទ្ធសភា បានគំាទ្រទំាងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ បានឯកភាពគំាទ្រទំាងស្រុង ចំពោះយន្តការរបស់រាជរដ្ឋាភិបាលខាងលើនេះ ក្នុងសំឡេង១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ ដូចជាការបន្តអនុវត្តយន្តការដែលប្រទេសទំាងពីរបានអនុវត្តកន្លងមក។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមការងារ លើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែន ពោលគឺ«ត្រូវពន្លត់ភ្លើងជៀសជាងអង្គុយបក់ផ្សែង»។
កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងផ្នែកលើការទូត ការចរចា ច្បាប់អន្តរជាតិ និងសិទ្ធិស្វ័យការពារខ្លួន ជាការបន្តនូវ បេសកកម្មដ៏មោះមុត មិនងាករេ ក្នុងការរក្សាសន្តិភាព និងឧត្តមប្រយោជន៍ស្នូលរបស់ជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះក្នុងការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕