វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៦ ២០២៥
ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ៤២៥លានដុល្លារអាម៉េរិក បន្ថែមលើថវិកាវិភាគទានដែលប្រមូលបានពីសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន៣សំខាន់ៗ ខណៈគិតត្រឹមខែមេសា ឆ្នាំ២០២៥ របបសន្តិសុខសង្គម បានក្របដណ្តប់លើពលរដ្ឋប្រមាណ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ថ្លែងក្នុងឱកាសចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់ដំណាក់កាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខាភិបាល ការអប់រំ និងសេវាសង្គម សាងសំណាញសុវត្ថិភាពសង្គម។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១សម្រាប់ឆ្នាំ២០២៣-២០២៨ បានកំណត់យកការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាថា «ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឱ្យមានភាពរឹងមាំ ភាពធន់ និងប្រសិទ្ធភាពដូចសព្វថ្ងៃ រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសំរាប់អភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ៗចំនួន៣រួមមាន៖ទី១ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២ ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ, និងទី៣ ក្របខណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្តឯកសារក្របខណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តនិងគោលការណ៍ណែនាំសំខាន់ៗសម្រាប់ធ្វើស្ថាប័ននូបនីយ កម្ម ដាក់ឱ្យអនុវត្ត ក៏ដូចជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់»។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ១,២លានគ្រួសារ មានប្រមាណ៤,៨៤លាននាក់ ស្មើនឹង២៨ភាគរយ នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ២៥៧លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។
ចំណែក ក្នុងខណៈប្រទេសជាតិជួបគ្រោះអាសន្ន ដែលរួមមានការរីករាលដាលជំងឺកូវីដ-១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលបានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយការវិបាកអវិជ្ជមាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអន្តរាគមន៍ជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិកាជាតិសរុបប្រមាណ១.៤២២លានដុល្លារ៕