វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០៦.២០២៥
ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងថា កត្តាឆន្ទៈ ថវិកា និងការលើកទឹកចិត្ត បានធ្វើឱ្យមន្ទីរ ពេទ្យគន្ធបុប្ផានៅតែបន្តជួយ សង្គ្រោះជីវិតទារកនិងកុមារមកដល់បច្ចុប្បន្នរាប់មិនអស់ ដែលគិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការរយៈពេល ៣៣ឆ្នាំមកហើយ ក្រោមការដឹកនាំ របស់ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ។
ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យបង្គោលមួយ ក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ ដែលបានធ្វើការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជា ទូទាំងប្រទេស ។
លោកជំទាវបណ្ឌិត បានបន្តថា ភាពជោគជ័យនេះ គឺមានកត្តាចំនួន៣ធំៗ ដែលចូលរួមធ្វើឱ្យមន្ទីរពេទ្យគន្ឋបុប្ឋា អាចបន្តនិរន្តរភាពអាចជួយសង្គ្រោះអាយុជីវិតទារក កុមារ បានរាប់សែននាក់ ហើយផ្ដល់ភាពជឿជាក់ទៅដល់ឪពុកម្តាយគ្រប់ៗគ្នា តាមរយៈអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ ទី១ គឺឆន្ទៈនិងភាពទទួលខុសត្រូវរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់មន្ទីរពេទ្យគន្ឋបុប្ឋា លើការទទួលខុសត្រូវក្នុងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាទាំងអស់ ។
លោកជំទាវ បានបន្ថែមទៀតថា ទី២ គឺកត្តាថវិកា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា មានតម្រូវការថវិកាយ៉ាងហោចណាស់ ៤៣លានក្នុងមួយឆ្នាំ សម្រាប់ព្យាបាលទារក និងកុមារកម្ពុជា ដូច្នេះហើយដោយយល់ច្បាស់ពីបន្ទុកដ៏ធ្ងន់ធ្ងរនេះ ទើបកាលបីឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលជាមូលនិធិផ្លូវការតែមួយគត់របស់កម្ពុជា ក្នុងគោលបំណងបំផុសបំផុលនូវចលនាសប្បុរសធម៌ក្នុងសង្គមខ្មែរ គឺខ្មែរជួយខ្មែរ និងចូលរួមចំណែកថែរក្សាបាននូវកេរ ដំណែលរបស់លោកវេជ្ជបណ្ឌិត ដែលបន្សល់ទុកឱ្យប្រជាជនកម្ពុជា ។
«បន្ថែមពីនោះគឺកត្តាទី៣ កត្តាលើកទឹកចិត្តនិងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ដែលនេះគឺជាការចូលរួមយ៉ាងសំខាន់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនៗ បានបន្តគាំទ្ររហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានយល់ច្បាស់ពីតម្រូវការរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះទៅដល់កុមារនិងទារកកម្ពុជា » ។
ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិត ក៏បានកោតសរសើរអស់ពីចិត្ដ ចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជាន់ថ្នាក់ ដែលបានបំពេញ ការងារយ៉ាងវិសេសវិសាល និងបានជោគជ័យ ដោយទទួលបាននូវការទុកចិត្ដយ៉ាងធំធេង ពីសំណាក់ប្រជាជនទូទាំងប្រទេសរហូតមកដល់បច្ចុប្បន្ននេះ ៕