វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ ៦ ២៥
អន្តរជាតិ៖ កាលពីថ្ងៃទី១ ខែមិថុនា លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានជួបពិភាក្សានៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី២២ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោកទាំងពីរក៏បានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញអាវុធ និងរក្សាទំនាក់ទំនងជិតស្និទ្ធរវាងភ្នាក់ងារការពារជាតិរបស់ពួកគេ។ កាលពីខែកុម្ភៈ ប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមកិច្ចសន្ទនាយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអង្គភាព និងបង្កើតក្របខ័ណ្ឌកម្រិតខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាការពារជាតិ។ ទំនាក់ទំនងរវាងជប៉ុន និងហ្វីលីពីនក្នុងវិស័យសន្តិសុខត្រូវបានពង្រឹងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំ២០២៣ ជប៉ុនបានផ្តល់ប្រព័ន្ធរ៉ាដាតាមដានអាកាសដល់ហ្វីលីពីន ហើយនេះគឺជាផលិតផលការពារជាតិពេញលេញដំបូងគេដែលនាំចេញដោយប្រទេសជប៉ុន ចាប់តាំងពីការបន្ធូរបន្ថយការហាមឃាត់ពាណិជ្ជកម្មអាវុធ។ គួរបញ្ជាក់ថា ទីក្រុងតូក្យូក៏បានសម្រេចចិត្តផ្តល់ប្រព័ន្ធរ៉ាដាតាមឆ្នេរសមុទ្រដល់ប្រទេសនេះក្រោមកម្មវិធីជំនួយសន្តិសុខថ្មីមួយដែលត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២៣៕