សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋខ្មែរកុំស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែន ខណៈថៃកំពុងកសាងលេណដ្ឋាន

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២ ៦ ២០២៥

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចបានអះអាងថា សម្តេចបានទទួលព័ត៌មានថា ភាគីថៃកំពុងកសាងលេណដ្ឋាន ។
ចំពោះការជីកលេណដ្ឋានពីសំណាក់ភាគីថៃដែលកំពុងមានជម្លោះជាមួយកម្ពុជានេះ ពីវេទិកាសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ នារសៀលថ្ងៃទី២ ខែមិថុនា សម្តេចតេជោបានផ្តាំទៅភាគីថៃថា កម្ពុជាពុំមានការហាមឃាត់អំពីការធ្វើលេណដ្ឋានទេ ប៉ុន្តែធ្វើយ៉ាងណាកុំកសាងលេណដ្ឋានបំពានចូលទឹកដីកម្ពុជា ។
សម្តេចតេជោបានមានប្រសាសន៍ថា “យើងអំពាវនាវចំពោះប្រជាជាតិកម្ពុជារបស់យើង យកចិត្តទុកដាក់តាមដានអំពីសភាពការណ៍នេះ(ព្រំដែន) តែកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រលើកទឹកចិត្តចំពោះការគាំទ្រដល់កងទ័ពនៅសមរភូមិមុខ ។ យើងបានដឹងថា គេ(ថៃ)កំពុងរៀបចំលេណដ្ឋាន ។ រៀបចំក្នុងដីរបស់អ្នកឯង រៀបចំចុះ តែសូមកុំមករៀបចំលើដីរបស់ខ្ញុំ”។ 

ពាក់ព័ន្ធបញ្ហាព្រំដែនដែលបានកើតឡើងពេលប៉ុន្មានថ្ងៃមកនេះ សម្តេចតេជោ មានប្រសាសន៍ថា សប្បុរជននានាបានចូលរួមបរិច្ចាគថវិកាប្រមាណជា២លានដុល្លារហើយ គិតមកដល់ថ្ងៃទី២ ខែមិថុនា នេះ សម្រាប់ជួយទ្រទ្រង់ដល់កងទ័ពខ្មែរនៅតាមព្រំដែន។ 

ចំពោះថវិកានេះ ត្រូវបានសម្តេចតេជោអះអាងទៀតថា មិនមែនជាបញ្ហាធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទៅកងទ័ពនៅព្រំដែននោះទេ ទោះបីជាមានការបន្ថែមកងទ័ពទ្វេដងទៀត ក៏រាជរដ្ឋាភិបាលមិនខ្វះថវិកាក្នុងការចិញ្ចឹមកងទ័ពដែរ ។ 

ប៉ុន្តែសម្តេចតេជោបានឲ្យដឹងទៀតថា ចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់បំផុតគឺការការពារខឿនការពារជាតិរបស់កម្ពុជា ព្រោះបើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ គឺពិតជាមិនគ្រប់គ្រាន់ឡើយ ។ 

ជាមួយគ្នានេះដែរ សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រកងទ័ពនៅព្រំដែនកម្ពុជា-ថៃ តាមរយៈការចូលរួមជាមូលនិធិ ទ្រទ្រង់កងទ័ពការពារជាតិដូចកាលពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ សម្តេចតេជោថា ការធ្វើបែបនេះ ដើម្បីបង្ហាញពីការរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា៕

សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋខ្មែរកុំស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែន ខណៈថៃកំពុងកសាងលេណដ្ឋាន
សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋខ្មែរកុំស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែន ខណៈថៃកំពុងកសាងលេណដ្ឋាន
សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋខ្មែរកុំស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែន ខណៈថៃកំពុងកសាងលេណដ្ឋាន