អាជ្ញា​ភ្នំពេញ​នឹងបិទបញ្ចៀសចរាចរណ៍កំណាត់មហាវិថីឈ្នះឈ្នះចាប់ពីគល់ស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ដើម្បី​ប្រារព្ធ​ព្រះរាជពិធីទីវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ​
​       រាជធានីភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
​    ដើម្បីឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពី គល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើ មេត្តាជ្រាប និង ស្នើសុំយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានី ភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់។

អាជ្ញា​ភ្នំពេញ​នឹងបិទបញ្ចៀសចរាចរណ៍កំណាត់មហាវិថីឈ្នះឈ្នះចាប់ពីគល់ស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ដើម្បី​ប្រារព្ធ​ព្រះរាជពិធីទីវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ