វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣ ៦ ២០២៥
ភ្នំពេញ ៖ ក្រុមការងារបន្តពិភាក្សាការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដើម្បីឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក។
ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសសម្រាប់ទីតាំងភូមិសាស្រ្តខេត្តតាកែវ និងសមាសភាពមកពីរដ្ឋបាលសាលាខេត្ត រដ្ឋបាលសាលាស្រុក និងមន្ទីរពាក់ព័ន្ធ ដោយបានផ្តោតលើផែនការសកម្មភាពចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដែលចាប់ផ្តើមនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត។
សូមបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមក និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយនិងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផងដែរ៕