វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣ ៦ ២០២៥
ភ្នំពេញ ៖ មន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ កំពុងពិភាក្សាលម្អិតលើនីតិវិធី និងរំហូរការងារឆ្ពោះទៅការជំរឿនមន្រ្តីរាជការ ដើម្បីសម្រេចបាននូវក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការអនុវត្តការងារ។
មន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានផ្សេងៗគ្នា របស់ក្រសួងមុខងារសាធារណៈ សរុបប្រមាណ៥០រូប បានជួបជុំគ្នាដើម្បីសិក្សា គូសវាស និងពិភាក្សាយ៉ាងលម្អិតលើការរៀបចំនីតិវិធី និងរំហូរការងារឆ្ពោះទៅជំរឿនមន្រ្តីរាជការ។ ការពិភាក្សានេះ ជាការគោរពយ៉ាងខ្ជាប់ខ្ជួនលើស្មារតីនៃខ្លឹមសារសារាចរដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលថ្មីៗនេះ ព្រមទាំងក្រោយទទួលបានការចង្អុលបង្ហាញណែនាំតម្រង់ទិសបន្ថែមដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។
គួររម្លឹកថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រកាសដាក់ចេញសារាចរចំនួន៣៖ (១)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ (២)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (នៃវិស័យអប់រំ) និង (៣)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន។
គោលបំណងចម្បងៗ នៃការធ្វើជំរឿនមន្រ្តីរាជការគឺដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន តាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន, កំណត់ឱ្យបានច្បាស់លាស់នូវមន្រ្តីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន, ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈសម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្រ្តីរបស់ក្រសួង ស្ថាប័ន តាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន, និងកែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្រ្តីដែលកំពុងបំពេញការងារជាក់ស្តែង។
សូមជម្រាបថា កិច្ចពិភាក្សាស្តីពីការរៀបចំនីតិវិធី និងរំហូរការងារឆ្ពោះទៅជំរឿនមន្រ្តីរាជការនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ៕