មន្ត្រីជំនាញសុខាភិបាលថាបារីមានផ្ទុកសារធាតុគីមីជាង៧ពាន់ប្រភេទ ធ្វើឱ្យអ្នកជក់ប្រឈមនឹងជម្ងឺជាង២៥មុខ

009 | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

បាត់ដំបង ៖ មន្ត្រីជំនាញមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រើប្រាស់ថ្នាំជក់ពិតជាប៉ះពាល់ខ្លាំង ដល់សុខភាព ពិព្រោះថាតាមកាស្រាវជ្រាវ ក្នុងបារីមានផ្ទុកសារធាតុគីមីរហូតដល់ជាង៧០០០ប្រភេទ ដែលបណ្ដាលឱ្យអ្នកជក់ ប្រឈមនិងជម្ងឺជាង២៥មុខ ដោយមិនដឹងខ្លួន ។

លោក ដាំ ចារុវណ្ណ ប្រធានការិយាល័យ បង្ការនិងគ្រប់គ្រងជម្ងឺ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដបាត់ដំបង ថ្លែងលើកឡើងក្នុងកម្មវិធីសន្ទាមតិវិទ្យុជាតិកម្ពុជាចំការខេត្តបាត់ដំបងកាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ ២០២៥ថា ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំនេះគឺបញ្ហាសកលលោក មិនមែនមានតែកម្ពុជានោះទេ របាយការណ៍អង្គការសុខភាពពិភពលោកមានមនុស្សប្រមាណជាង៨លាននាក់ស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ក្នុងមួយឆ្នាំៗ ។ ដោយឡែកកម្ពុជាយើងមិនបានធ្វើការស្រាវជ្រាវករណីស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នោះទេ ប៉ុន្ដែយើងដឹងហើយផលប៉ះពាល់នៃការថ្នាំជក់ឬអ្នកជក់បារី អាចបណ្ដាលឱ្យមានកើតមានជម្ងឺច្រើនប្រភេទដូចជាជម្ងឺមហារីក ដាច់សសៃឈាមខួរក្បាល ជម្ងឺស្ទះផ្លូវដង្ហើមរុំារ៉ៃជម្ងឺបេះដូងនិងរលាក់សួតជាដើម ។

លោកបានបន្ដថា បើតាមការស្រាវជ្រាវ នៅក្នុងថ្នាំជក់មានផ្ទុកសារធាតុគីមីជាង៧ពាន់ប្រភេទក្នុងនោះសារធាតុសំខាន់ៗ ដែលបណ្ដាលឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា សារធាតុកាបូនម៉ូណូអុកស៊ីតដែលមាននៅក្នុផ្សែងបារី សារធាតុនីកូទីន ធ្វើឱ្យអ្នកជក់បារីញៀនញាមពិបាកក្នុងលះបង់ ជក់ម្ដងហើយចង់ជក់ម្ដងទៀត សាធាតុអាស់ស៊ីនិច គេប្រើក្នុងទឹកអណ្ដូង សាធាតុមេតាន គេប្រើជាឧស្មន័សម្រាប់ដុត សារធាតុអាស់ស៊ីតូនសារធាតុមេតាណុលគេប្រើក្នុងឧស្សាហកម្មគ្រាប់កំជ្រូច សារធាតុគីមីពុលទាំងអស់នេះបង្ក ឱ្យមានផលប៉ះពាល់សុខភាព ពីការជក់បារី ។

លោកបានបន្ថែមថា ចំពោះមូលហេតុដែលនៅមានអ្នកនៅតែបន្ដជក់បារីបើទោះបីដឹងថាបារី បង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ទាំងដឹងថាបារី គ្មានមិនមានប្រយោជន៌អ្វីទាល់តែសោះសម្រាប់សុខភាព។ ប៉ុន្ដែលោកសង្កេតឃើញថាមានកត្តាច្រើនយ៉ាង ដំបូងមកពីការចង់ដឹងចង់សាកល្បង ចំពោះអ្នកជក់បារីប្រហែលគេគិតថាគេមើលទៅឡូយសង្ហារចឹងទៅ យូរៗទៅក៏ធ្លាប់ទៅជាទម្លាប់ញៀនតែម្ដង ។


លោក កង រ៉ាវុធ ដែលធ្លាប់ញៀននឹងបារី ជិត៣០ឆ្នាំ ក្នុងមួយថ្ងៃលោកជក់អស់ មួយកញ្ចប់ អំឡុងពេលជក់លោកមានអាការៈមិនស្រួល ឆាប់ហត់ពិបាកដកដង្ហើម និងក្អកឈឺក្បាល ក្រោយមកលោកក៏សម្រេចចិត្តផ្ដាច់បារីតែម្ដង តែប្រើរយៈពេលប្រាំដងទើបអាចផ្ដាច់បារីបាន ដោយត្រូវតាំងចិត្តផ្ដាច់ កាត់បន្ថយៗម្ដង់បន្ដិចៗ ។ លោកបានបន្ដថាការជក់បារីនេះមិនមានចំណេញអ្វីទេ ខាត់ទាំងថវិកាពេលវេលានិងខូចទាំងសុខភាព ។

លោក ដាំ ចារុវណ្ណ ប្រធានការិយាល័យ បង្ការនិងគ្រប់គ្រងជម្ងឺ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដបាត់ដំបង បានឱ្យដឹងថា រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានបង្កើតច្បាប់ ក្នុងការត្រួតពិនិត្យ ដើម្បីកាត់បន្ថយឬលុបំបាត់ការនាំចូលថ្នាំជក់នេះដោយការតំឡើងពន្ធ តែយើងមិនអាចកាត់បន្ថយឱ្យទាំងស្រុងបានភ្លាមៗនោះទេ ។ 

លោកបានបន្ដថា ការប្រើប្រាស់ថ្នាំជក់ វាខុសពីការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ហើយការជក់បារីនេះមិនមែនជារឿងខុសច្បាប់នោះទេ គេហាមការជក់បារីកន្លែងសាធារណៈតែប៉ុណ្ណោះ ។  ក្នុងនោះ អាជ្ងាធរជំនាញក៏មានវិធានការណ៌អប់រំផ្សព្វផ្សាយ និងរឹតបន្ដឹងមិនអនុញាតឱ្យមានការជក់បារីកន្លែងហាមឃាត់នោះដែរ ។ កត្តាមួយទៀតមិនអាចលុបបំបាត់ថ្នាំជក់បានទាំងស្រុង ដោយសារមានក្រុមហ៊ុនធំៗមួយចំនួនបើកឧស្សហកម្មថ្នាំជក់នេះក៏ជាប្រព័ន្ធសេដ្ឋកិច្ចមួយមិនអាចលុបបំបាត់បាននោះ ។

លោកប្រធានការិយាល័យ បង្ការនិងគ្រប់គ្រងជម្ងឺរូបនេះបានបន្ថែមថា វិធីសាស្រ្ដ៥ចំណុច ដើម្បីផ្ដាច់បារីបានបងប្អូនប្រជាពលរដ្ឋ អាចអនុវត្តបាន ទី១ ត្រូវតាំងចិត្តប្រកាសប្រាប់ញាតិមិត្តឱ្យបានដឹងនិងធ្វើជាសាក្សីថាឈប់ជក់បារីហើយ ទី២ ពន្យាពេលនៃការជក់បារី នៅពេលណាយើងចង់ ត្រូវទុកពេលរាងយូរបន្ដិចសិន ទី៣ ត្រូវដកដង្ហើមវែងៗឱ្យបាន៣ទៅ៤នាទី វាក៏អាចកាត់បន្ថយបានខ្លះដែរ ទី៤ ត្រូវទទួលទានទឹកឱ្យបានច្រើន ទី៥ ត្រូវធ្វើការបន្លប់កុំឱ្យនឹកឃើញចង់ជក់បារីជាដើម ៕  

អត្ថបទ ៖ ឈឿន ថៃកឿវិទ្យុជាតិចំការចេកខេត្តបាត់ដំបង ,កែសម្រួលភី សុខ

មន្ត្រីជំនាញសុខាភិបាលថាបារីមានផ្ទុកសារធាតុគីមីជាង៧ពាន់ប្រភេទ ធ្វើឱ្យអ្នកជក់ប្រឈមនឹងជម្ងឺជាង២៥មុខ
មន្ត្រីជំនាញសុខាភិបាលថាបារីមានផ្ទុកសារធាតុគីមីជាង៧ពាន់ប្រភេទ ធ្វើឱ្យអ្នកជក់ប្រឈមនឹងជម្ងឺជាង២៥មុខ
មន្ត្រីជំនាញសុខាភិបាលថាបារីមានផ្ទុកសារធាតុគីមីជាង៧ពាន់ប្រភេទ ធ្វើឱ្យអ្នកជក់ប្រឈមនឹងជម្ងឺជាង២៥មុខ