រដ្ឋបាលខេត្តកែបបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល ៥ឆ្នាំ (២០២៥-២០២៩ ) នៅខេត្តកែប

009 | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

ខេត្តកែប៖នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥នេះ នៅសាលប្រជុំតូច សាលាខេត្តកែប បានបើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល០៥ ឆ្នាំ(២០២៥-២០២៩) ក្រោមអធិបតីភាពដឹកនាំប្រជុំដោយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក​ ផងដែរ។ 

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ រដ្ឋបាលខេត្តបានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ត្រ សូចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឲ្យបានក្នុងរយៈពេល៥ឆ្នាំ របស់ខេត្ត ហើយធានាឲ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់វិស័យជំនាញ ផងនោះ ឯកឧត្តមបណ្ឌិត បានជម្រុញដល់គ្រប់មន្ទីរ ស្ថាប័ន អង្គភាព នៅក្នុងរដ្ឋបាលខេត្តកែបទាំងអស់ ត្រូវធ្វើការលើកនូវគម្រោងផែនការ របស់សាមីមន្ទីរ ស្ថាប័ន អង្គភាពរបស់ខ្លួន ដាក់ចូលក្នុងផែនការ អភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយផែនការរបស់មន្ទីរ ស្ថាប័ន អង្គភាពក៏ត្រូវដាក់ទៅតាមរយៈសាមីក្រសួងរបស់ខ្លួនផងដែរ។ 

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា​ កិច្ចប្រជុំនាថ្ងៃនេះពិតជាមានសារៈសំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ រួមមានយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ ផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ​ ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត  សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សោម​ ពិសិដ្ឋ ណែនាំដល់សមាជិក   សមាជិកា​ កិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហា ប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុង ផែនការអភិវឌ្ឍន៍ខេត្ត ឱ្យបានត្រឹមត្រូវទៅតាមជំហាននីមួយៗ និងនិតិវិធីណែនាំ ៕
អត្ថបទ​៖​ កញ្ញា​ ងី​ ងាន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប