តាកែវ ៖ លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំសហការីនៃមន្ទីរព័ត៌មានខេត្ត អនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ - Say No to Fake News» យ៉ាងផុសផុល។
យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមដោយការដង្ហែរក្បួននៅវិទ្យាល័យឈើទាល ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ ក្រៅពីការដង្ហែរក្បួននៅតាមសាលារៀន ក្រុមការងារក៏បានបន្តដង្ហែរក្បួនចាក់ឃោសនស័ព្ទ (មេក្រូ) នៅតាមដងផ្លូវសំខាន់ៗនានា ស្ថិតក្នុងភូមិសាស្រ្តក្រុងដូនកែវ ខេត្តតាកែវ ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
យុទ្ធនាការនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមដ៏ធំនៅក្នុងយុគសម័យឌីជីថលនេះ។ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ឱ្យចេះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ ឬចែករំលែក ដើម្បីរួមចំណែករក្សាសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានអស្ថិរភាពនានានៅក្នុងសង្គមកម្ពុជា៕