វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ៦ ២៥
អន្តរជាតិ៖ រដ្ឋាភិបាលឡាវបានអនុម័តលើការសិក្សាលទ្ធភាពសម្រាប់ផ្លូវល្បឿនលឿនដែលរត់ពីរដ្ឋធានីវៀងច័ន្ទ កាត់តាមខេត្ត មួយចំនួនទៅកាន់ច្រកព្រំដែន Namsoi ជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងផែនការ និងវិនិយោគឡាវ និងក្រុមហ៊ុន Phongsavanh Group សម្រាប់ការអនុវត្តគម្រោងនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា នៅទីក្រុងវៀងច័ន្ទ។ តំណាងក្រុមហ៊ុន Phongsavanh Group និងជានាយកស្តីទីនៃគម្រោងផ្លូវល្បឿនលឿនបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្រ្តក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ការវិនិយោគ សេវាកម្ម និងទេសចរណ៍រវាងទីក្រុងវៀងច័ន្ទ និងខេត្តភាគខាងជើងឡាវ។ លោកបានកត់សម្គាល់ថា គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស និងរដ្ឋាភិបាលឡាវក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញដឹកជញ្ជូនរបស់ប្រទេស ដែលអាចរួមចំណែកដល់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវបានមានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ជាពិសេសសម្រាប់តំបន់មិនទាន់មានការអភិវឌ្ឍន៍៕