វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ៦ ២៥
អន្តរជាតិ៖ ជុំចុងក្រោយនៃកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទ ក្រោមការសម្រុះសម្រួលរបស់ប្រទេសទួរគី បានបញ្ចប់ជាមួយនឹងអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថា ជាការវិវឌ្ឍន៍វិជ្ជមាន ជាពិសេសលើបញ្ហាមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសទួរគី បានបញ្ជាក់ថា "កិច្ចពិភាក្សានេះគឺបានបញ្ចប់ដោយភាពវិជ្ជមាន"។ បន្ទាប់ពីកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលបានដឹកនាំគណៈប្រតិភូអ៊ុយក្រែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីទាំងពីរបានឈានដល់លទ្ធផលមនុស្សធម៌ជាក់ស្តែងនៅក្នុងកិច្ចពិភាក្សានេះ។ លោកបាននិយាយក្នុងអំឡុងពេលកិច្ចចរចាថា អ៊ុយក្រែនបានបង្ហាញពីរបៀបវារៈរបស់ខ្លួនដល់ប្រទេសរុស្ស៊ី ដោយស្នើឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ រួមជាមួយនឹងការដោះលែងអ្នកទោស និងការវិលត្រឡប់របស់ទាហាន និងកុមារ។ ចំណែកជំនួយការប្រធានាធិបតីរុស្ស៊ីបាននិយាយបន្ទាប់ពីកិច្ចចរចាថា ទីក្រុងមូស្គូនឹងប្រគល់សាកសពទាហាន ៦,០០០នាក់ទៅកាន់អ៊ុយក្រែនវិញ។ លោកបានបន្ថែមថា ទីក្រុងមូស្គូ និងទីក្រុងគៀវបានយល់ព្រមផ្លាស់ប្តូរអ្នករងរបួសយ៉ាងធ្ងន់ធ្ងរ ដែលមានអាយុ ១៨ដល់២៥ ឆ្នាំទាំងអស់។ គួរបញ្ជាក់ថា ប្រទេសទាំងពីរបានជួបពិភាក្សាដោយផ្ទាល់ចុងក្រោយកាលពីថ្ងៃទី១៦ ឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាការចរចាទល់មុខគ្នាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោសក្នុងម្ខាងៗចំនួន ១,០០០នាក់ ដែលជាការដោះដូរអ្នកទោសដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ៕