វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៣ ៦ ២០២៥
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រមុខរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការដោះស្រាយកង្វះទឹកសម្រាប់វិស័យកសិកម្ម ដើម្បីបង្កើនផលិតភាពនៃការដាំដុះ និងកាត់បន្ថយការកាប់ព្រៃឈើ ។
នាឱកាសអញ្ជើញជាអធិបតីបន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកសិកម្មបែបទូលំទូលាយនោះ គឺការដោះស្រាយបញ្ហាទឹកសម្រាប់ការងារបង្កបង្កើន របស់ប្រជាកសិករខ្មែរឲ្យបានម្ដង ឬក៏បានពីរដង ក្នុងមួយឆ្នាំៗ ។ ក្នុងនោះសម្តេចតេជោបានគូសបញ្ជាក់ថា សម្រាប់ការបង្កើនការដាំដុះនេះ គឺក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវរួមគ្នាបង្កើតប្រព័ន្ធធារាសាស្រ្តបន្ថែមទៀត ។
«ប៉ុន្ដែបញ្ហាធំជាងគេ គឺរកវិធីដោះស្រាយទឹក ហើយកាលណាដោះស្រាយទឹកបាន គឺដាំណាំផ្សេងៗ មិនថា ស្រូវទេ ដាំណាំដ៏ទៃទៀត សុទ្ធតែត្រូវការទឹកទាំងអស់ ហើយវាមានធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ។ ដោះស្រាយទឹក បង្កើនការដាំដុះ ដើម្បីបង្កើនទិន្នផល ហើយកាត់បន្ថយការកាប់ព្រៃឈើ ជាមួយការកើនឡើងចំនួនមនុស្ស ។ នេះជាយុទ្ធសាស្ដ្រកសិកម្មដែលបានដាក់ ។ បើពិនិត្យពីឆ្នាំ ១៩៨៧ រហូតមកដល់ឥឡូវ គឺរយៈពេលវែង» ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា កាលពីឆ្នាំ១៩៨៧ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយចំនួន៤ សម្រាប់វិស័យកសិកម្ម ក្នុងនោះ ផ្លូវ ទឹក ភ្លើង និងមនុស្ស។
ពាក់ព័ន្ធវិស័យកសិកម្មនេះដែរ ក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនឌកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ប្តេជ្ញាបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់វិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងធានានូវសន្តិសុខស្បៀងសម្រាប់ជាតិទាំងមូល៕