វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ៦ ២៥
អន្តរជាតិ៖ អ្នកនាំពាក្យសេតវិមានបានប្រកាសឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន អាចនឹងមានកិច្ចសន្ទនាតាមទូរស័ព្ទនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីលោក ត្រាំ បានចោទចិនថា កំពុងរំលោភបំពានលើកិច្ចព្រមព្រៀងផ្អាកការអនុវត្ត ការយកពន្ធគយទៅវិញទៅមក និងការរឹតត្បិតពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន ដែលជាមនុស្សជំនិតទី៣ របស់លោក ត្រាំ បានចេញមុខនិយាយថា កិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធគយធ្វើឡើងកាលពីខែឧសភា ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែភ្លាមៗគេនៅតែមិនទាន់ដឹងច្បាស់ថាតើមេដឹកនាំនៃប្រទេសទាំង២ នឹងបើកកិច្ចសន្ទនានៅពេលណាឱ្យប្រាកដនោះទេ។ គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ក៏បានបញ្ជាក់ដែរថា លោក ត្រាំ និងលោក ស៊ី ជីនពីង អាចនឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះដែលសំដៅទៅលើការដោះស្រាយបញ្ហាពាណិជ្ជកម្ម ក្នុងនោះរួមមានទាំងជម្លោះស្ដីពីរ៉ែកម្រ និងការរឹតត្បិតរបស់ចិនលើការនាំចេញរ៉ែកម្រ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ត្រាំ បានអះអាងថា ពិតណាស់លោកនឹងពិភាក្សាជាមួយលោកប្រធានាធិបតីចិន៕