កម្ពុជាគាំទ្រសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» ខណៈប្តេជ្ញារក្សាអព្យាក្រឹតភាពកាបូន

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៦ ២០២៥

  រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» បន្ទាប់ពីបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ(NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
   នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី២ ខែមិថុនា ក្រោយមកពីចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ 
ឯកឧត្តម បានថ្លែងថា កម្ពុជាបានប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការចែករំលែកបច្ចេកវិទ្យា ក្នុងការត្រួតពិនិត្យផ្ទាំងទឹកកក និងប្រព័ន្ធព្រមានជាមុន។ ជាមួយគ្នានេះ កម្ពុជាបានត្រៀមខ្លួនសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ លើកស្ទួយកិច្ចគាំពារបរិស្ថាន និងធានាអនាគតប្រកបដោយចីរភាព ដើម្បីការពារផ្ទាំងទឹកកករបស់ពិភពលោក និងតុល្យភាពនៃភពផែនដី ក្នុងនោះក៏មានការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន នូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ លើកកម្ពស់កិច្ចគាំពារបរិស្ថាន និងធានាឱ្យបាននូវភាពជោគជ័យរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP30) សម្រាប់អនាគតប្រកបដោយចីរភាព។ កម្ពុជាក៏គាំទ្រយ៉ាងពេញទំហឹងនូវការពិគ្រោះយោបល់«ផែនទីផ្លូវបាគូទៅប៊ែលឹម» (Roadmap Baku to Belem) ដល់១,៣ពាន់ពាន់លាន" ក្នុងគោលបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក»នេះ ត្រូវបានរៀបចំឡើងយោងតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិស្តីពី«ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នាំ២០២៥» ដែលបានអនុម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និងជួយសម្របសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ប្រទេសនានាជុំវិញពិភពលោក៕