វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៦ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប)កម្ពុជា និងគ.ជ.ប ទីម័រខាងកើត បានជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក ជុំវិញការរៀបចំការបោះឆ្នោត។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការ គ.ជ.ប កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥លោក ដូមីងហ្គូស បារ៉េតូ (DOMINGOS Barreto) អនុប្រធាន គ.ជ.ប នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានចោទសួរអំពីការងារមួយចំនួនទៀត ដូចជាតួនាទីរបស់សារព័ត៌មានក្នុងដំណើរការបោះឆ្នោត ការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅទីដាច់ស្រយាល អាយុដែលច្បាប់កំណត់ឱ្យមានសិទ្ធិបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ដែលសំណួរទាំងនេះត្រូវបាន ភាគី គ.ជ.ប ជម្រាបជូនតាមចំណុចនីមួយៗ ផ្អែកតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងឯកសារគតិយុត្តជាធរមាន។ ភាគី គ.ជ.ប ទីម័រខាងកើត បានលើកឡើងអំពីគោលដៅរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតនៅប្រទេសទីម័រខាងកើត ឱ្យមានភាពល្អប្រសើរជាលំដាប់ ហេតុនេះហើយ គ.ជ.ប ទីម័រខាងកើត តែងតែស្វះស្វែងរកការផ្លាស់ប្ដូរបទពិសោធ និងរៀនសូត្រពីបណ្ដាប្រទេសដទៃទៀត ក្នុងនោះមានប្រទេសកម្ពុជា ជាដើម។
ឯកឧត្ដម ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប បានជម្រាបជូនអំពីការធ្វើទំនើបកម្មក្នុងដំណើរការរៀបចំការបោះឆ្នោត ដោយកន្លងមក គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ កម្មវិធីគ្រប់គ្រងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងការបែងចែកអាសនៈ និងកម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។ ឯកឧត្ដមគូសបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មនេះ ជាជំនួយដល់ការងារបោះឆ្នោត និងបង្កើនតម្លាភាព និងទំនុកចិត្តលើការបោះឆ្នោត។ ឯកឧត្ដម បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៨មក ការបោះឆ្នោត ក៏ដូចជាការចុះឈ្មោះបោះឆ្នោតត្រូវបានកែលម្អ និងកែទម្រង់ជាបន្តបន្ទាប់ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌស្ថាប័ន និងការគ្រប់គ្រង និងក្របខណ្ឌបច្ចេកទេស ហើយចាប់ពីឆ្នាំ២០១៥ កម្ពុជា បានធ្វើការកែទម្រង់ការបោះឆ្នោតយ៉ាងស៊ីជម្រៅ ដោយបានដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងរដ្ឋធម្មនុញ្ញ និងបានរៀបចំបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០១៦ ដោយប្ដូរពីការចុះឈ្មោះដោយដៃទៅជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ និងមានបញ្ចូលទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) សម្រាប់ដៅសម្គាល់អត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ។
គ.ជ.ប កម្ពុជា ក៏បានអញ្ជើញ គ.ជ.ប នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ និងបានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដែលរៀបចំឡើងនៅទីស្ដីការ គ.ជ.ប តាមកាលកំណត់៕