វិទ្យុជាតិកម្ពុជា៖ អត្ថបទ ឈឿន ថៃកឿ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ មន្ត្រីនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង បានអះអាងថា មិនមានករណីកេងប្រវញ្ចកម្លាំងពលកម្មលើកុមារនោះទេ ដោយសារអាជ្ញាធរពាក់ព័ន្ធបានចូលរួមផ្សព្វផ្សាយទប់ស្កាត់តាមសហគ្រាសធុនតូចនិងមធ្យមក្នុខេត្តឱ្យបានយល់ដឹងអំពីទោសទណ្ឌនៃការប្រើប្រាស់កម្លាំងពលកម្មកុមារនេះ។
លោក ម៉ៅ គន្ធា ប្រធានការិយាល័យស្ដីទី អធិការកិច្ច នៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង បានលើកឡើងក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការខេត្តបាត់ដំបងកាលពីថ្ងៃទី២ ខែ មិថុនា ឆ្នាំ ២០២៥ថាកាលពីដើមឆ្នាំកន្លងទៅ ក្រសួងការងារនិងបណ្ដុះបណ្ដាលវីជ្ជាជីវៈសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងបានចុះធ្វើយុទ្ធនាការមួយផ្សាព្វផ្សាយទប់ស្កាត់ការកេងប្រវញ្ចកម្លាំងពលកម្មលើកុមារ បណ្ដាសហគ្រាសធុនតូចនិងមធ្យម តាមបណ្ដោយមាត់ស្ទឹងសង្កែ សួន សម្ដេចក្រឡាហោម ស ខេង ក្នុងយុទ្ធនាការនោះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងការងារ អង្គការអាយឡូ អាណាព្យាបាល កុមារ សិស្សនិស្សិត និងអ្នកពាក់ព័ន្ធដទៃទៀតផងដែរ ។
លោកបានបន្ថែមថា មន្ទីរការងារបានចុះធ្វើបច្ចុប្បន្នភាព នៅក្នុងវិស័យដែលរងហានិភ័យខ្ពស់ពាក់ព័ន្ធនិងការប្រើប្រាស់ លើកម្លាំងពលកម្មកុមារគឺក្នុង វិស័យឡឥដ្ឋ ក្បឿង និង វិស័យ កសិឧស្សាហកម្ម ដែលជាវិស័យអាចមានការប្រើប្រាស់កម្លាំងពលកម្មកុមារច្រើន។ ដូច្នេះហើយរៀងរាល់ឆ្នាំចាប់ពីទី៨ ខែ៤ រហូតដល់ទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការសហការជាមួយក្រសួងការងារ យើងចុះផ្សាព្វផ្សាយដល់សហគ្រាសផ្ទាល់តែម្ដង បានធ្វើការទៅលើវិស័យផលិតឡឥដ្ឋចំនួន១០ទីតាំង«មិនដំណើរការពីរទីតាំង» ដោយមានការចូលរួមពីឳពុកម្ដាយអាណាព្យាបាល ដើម្បីរម្លឹកពួកគាត់ឱ្យបានដឹងថាអ្វីជាការរំលោភលើកម្លាំងពលកម្មកុមារ អ្វីជាការប្រើប្រាស់កម្លាំងពលកម្មកុមារ ។
លោកបន្តថា មន្ទីរបានផ្សព្វផ្សាយធ្វើឱ្យសហគ្រាសសិប្បកម្មបានយល់ដឹងបន្ថែមទៀត អំពីការប្រើប្រាស់កម្លាំងពលកម្មលើកុមារ មានទោសទណ្ឌអ្វីខ្លះ តើការប្រើប្រាស់ពលកម្មកុមារ ដោយគ្មានការអនុញ្ញាត ធ្វើឱ្យខុសច្បាប់រងពិន័យអ្វីខ្លះ ! ។ ចំពោះវិស័យ កសិឧស្សាហកម្ម យើងបានធ្វើ៨សហគ្រាស រហូតទៅដល់ស្រុកកំរៀង ។
លោកប្រធានការិយាល័យស្ដីទីរូបនេះបានឡើងថា សកម្មភាពចុះផ្សព្វផ្សាយទប់ស្កាតអំពីការប្រើប្រាស់កម្លាំងពលកម្មលើកុមារនេះយើងធ្វើជាប់ជាប្រចាំរាល់ឆ្នាំ ក្នុងករណីដែលមានបណ្ដឹងឬឃើញសហគ្រាសប្រើប្រាស់កម្លាំងពលកម្មលើកុមារ ដោយមិនមានលិខិតអនុញ្ញាតឬមិនមានចុះទិដ្ឋការក្មេង នោះមន្ទីរនឹងចាត់វិធានការ ដោយចុះធ្វើអធិការកិច្ចពិសេស ក្នុងករណីដែលពិនិត្យរកឃើញថាមានការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់ យើងធ្វើការផាក់ពិន័យទៅលើសហគ្រាសគ្រឹះស្ថាននោះ ។ ដូច្នេះហើយ យើងរកមិនឃើញមានករណីប្រើប្រាស់កម្លាំងពលកម្មលើកុមារនៅខេត្តបាត់ដំបងនោះឡើយទេ ។
លោក អេង ចន្ទ័ជុំ អនុប្រធានការិយាល័យសេវាសង្គមកិច្ចនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបាត់ដំបងថ្លែងឱ្យដឹងថា នៅខេត្តបាត់ដំបងយើងមានចូលរួមគ្នាយ៉ាងសស្រាកស្រុំាក្នុងការទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មលើកុមារ ។ លោកបានបន្ថែមថា នៅថ្នាក់ខេត្តយើងបានបង្កើតជំនាញអន្តរមន្ទីរអង្គភាពចំនួន៦ ជាសេនាធិការឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ទី១ ក្រុមការងារបង្ការទប់ស្កាត់ ទី២ ក្រុមការងារគាំពារជនរងគ្រោះ ទី៣ ក្រុមការងារអនុវត្តច្បាប់ ទី៤ ក្រុមការងារយុត្តិធម៌ ទី៥ ក្រុមកាងារ ទេសន្តប្រវេសន៍ និងទី៦ ក្រុមការងារសហប្រតិបត្តិការអន្តរជាតិ ។
លោកអនុប្រធានការិយាល័យបានបន្ដថា មន្ទីរសង្គមកិច្ចតែងតែចុះជួយគាំពារក្នុងករណីដែលមានការប្រើប្រាស់កម្លាំងពលកម្មលើកុមារ នៅខេត្តបាត់ដំបងយើងស្ទើតែមិនការកេងប្រវញ្ចកម្លាំងពលកម្មកុមារ បើមានតិចតូច បំផុតហើយកើតឡើងចេញពីក្រៅប្រទេសគឺ ប្រទេសថៃនិងម៉ាឡេស៊ីតែប៉ុណ្ណោះ ។
បើយោងតាមមន្ត្រីជំនាញ និយមន័យនៃការប្រើប្រាស់កម្លាំងពលកម្មលើកុមារគឺគេកំណត់ថាជាការងារអ្វីមួយ ធ្វើឱ្យប៉ៈពាល់ដល់សុខាមាលភាពកុមារ ឬ ឧបសគ្គដល់ការអប់រំ អភិវឌ្ឍន៍ និងជីវភាពរបស់ពួកគេនាពេលអនាគត ការងារទាំងឡាយណាដែលបង្កការខូចខាត់លើការអភិវឌ្ឍផ្នែកខាងរូបរាងកាយ ផ្លូវចិត្តប្រាជ្ញាស្មារតីឬក៏សតិបញ្ញារបស់កុមារ ជាដើម ៕