វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៣.០៦.២០២៥
កណ្តាល៖ គណៈប្រតិភូមកពីស្ថានទូតអង់គ្លេស និងគណៈប្រតិភូអ្នកធុរកិច្ចប្រមាណ ៥០រូប បានអញ្ជើញទស្សនកិច្ចលើវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅខែកញ្ញាខាងមុខនេះ។
ជាកត់សម្គាល់ ដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើព្រលានថ្មីនេះ ដែលមានលក្ខណៈទំនើប កម្រិតអន្តរជាតិ ហើយបានបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និងសក្តានុពលជាច្រើនផ្សេងទៀត ដែលកម្ពុជាមាន។
បើតាមការលើកឡើងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកឧកញ៉ាមានប្រសាសន៍បន្តថា ព្រលានយន្តហោះអន្តរជាតិតេជោនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ F4 ដែលឱ្យយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
សូមបញ្ជាក់ជូនថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មានជាច្រើននាក់បានវាយតម្លៃខ្ពស់ ចំពោះប្រណិតភាព និងភាពទាក់ទាញ នៃអាកាសយានដ្ឋានថ្មីនេះដោយមិននឹកស្មានថា កម្ពុជាមានការវិនិយោគព្រលានយន្តហោះថ្មីកម្រិតខ្នាត 4F ដូចនេះឡើយ ៕