ភ្នំពេញ ៖ ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភានៅ ថ្ងៃទី៣ ខែមិថុនា នេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានលើកឡើងក្នុងន័យកំប្លែងលេងសើចថា នៅថ្ងៃណាមួយដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វេដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។
សម្តេចតេជោមានប្រសាសន៍ថា បច្ចុប្បន្ននេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយ៉ាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសស្គុសស្គាយគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ ។
សម្តេចតេជោគូសបញ្ជាក់ថា “យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ ។ កាញារីទ្ធទៅ ជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ ។ ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ”។
ចំពោះហាងកាហ្វេនេះ សម្តេចក៏បានថ្លែងថា មិនអាចហាមឃាត់មិនឲ្យមានការវិនិយោគបាននោះទេ ៕