កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា

009 | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ អបអរទិវាកុមារអន្តរជាតិ​ និងទិវាកុមារកម្ពុជាឆ្នាំ២០២៥, កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជាលើកទី៨ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៤ (ឆ្នាំទី១៤) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក ដែលថវិកាចំនួន ១លានដុល្លារ អាចជួយសង្គ្រោះ-ព្យាបាលដល់កុមារ ប្រមាណជាង ៣៥.០០០នាក់។

ពិធីប្រគល់-ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស រួមជាមួយលោកសាស្ត្រាចារ្យគី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ និងលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប) ក្នុងពេលនោះដែរ។

ក្នុងឱកាសជួបសវនាការនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បរិច្ចាគនូវកម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ កុមារ និងទារកកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានជម្រាបជូនថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកគឺជាគ្រូពេទ្យមួយរូប និងក៏ជាម្តាយមួយរូបដែរ ដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកយល់ច្បាស់ពីតម្រូវការ និងមានក្តីមេត្តាករុណា អាណិតស្រឡាញ់ចំពោះកុមារទាំងអស់។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យនេះ គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ហើយចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។

ជាកិច្ចឆ្លើយតប លោកជំទាវ ប៉ែន សុបភា ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបាននាំភាពញញឹមដល់ទារក និងកុមារកម្ពុជា តាមរយៈការផ្តល់វិភាគទានចូលមូលនិធិគន្ធបុប្ផាកម្ពុជា ជាប្រចាំ ដើម្បីជាប្រយោជន៍សម្រាប់ទារក និងកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ លោកជំទាវ បានជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជាស្ថាបនិករបស់មូលនិធិ ហើយបន្តមក គឺមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនៅតែបន្តជាក្តីសង្ឃឹមដល់កុមារកម្ពុជា។ ជាក់ស្តែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការគាំទ្រពីមហាចលនាកម្លាំងមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី «ខែ្មរជួយខ្មែរ» ដែលនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ដោយឡែក តាមរបាយការណ៍របស់ លោកសាស្ត្រាចារ្យ គី សន់ទី បានឱ្យដឹងថា៖ ការចំណាយមូលនិធិ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៥នេះ មានប្រមាណ ១៨លានដុល្លារអាម៉េរិក ដែលក្នុងនោះបានផ្តល់សេវាដូចជា៖ ទារក កុមារមានជំងឺ និងស្ត្រីមានផ្ទៃពោះចំនួន ៥៣៥.៣៧៧នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែក ពិគ្រោះជំងឺក្រៅ (កើន១៧% ច្រើនជាងឆ្នាំ២០២៤)។ កុមារមានជំងឺធ្ងន់ៗ ចំនួន ៧៧.៩៩៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន១៨% ច្រើនជាងឆ្នាំ២០២៤)។ កុមារចំនួន ១៣.១៨៤នាក់ ត្រូវបានទទួលការវះកាត់។ វះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាសៀមរាបនិងភ្នំពេញបានចំនួន ៤៥៨នាក់។ ស្ត្រីមានផ្ទៃពោះបានឆ្លងទន្លេ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានចំនួន ៧.៨២៩នាក់។ កុមារចំនួន ៨៨១នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ភ្នំពេញ) តិចជាង ២ដង ធៀបនឹងឆ្នាំ២០២៤ (ប៉ុន្តែក្នុងខែឧសភានេះ កើនជាង៤ដង) និងនៅសៀមរាបមានចំនួន ៨៣៥នាក់៕

 

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា