វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៤ ០៦ ២៥
ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់វៀតណាម បានបង្ហាញពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា វៀតណាមនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ហាញដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យដឹងកាន់តែច្បាស់អំពីទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជា វៀតណាមគ្រប់កាលៈទេសៈ។
ការបង្ហាញពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា វៀតណាមនៅក្នុងប្រទេសរបស់ខ្លួននេះបានធ្វើឡើង ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងនាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿងនេះ ឯកឧត្ដម ជា ធារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានរំលេចអំពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា វៀតណាមនៅក្នុងសារមន្ទីរប្រទេសវៀតណាម ដើម្បីចង់បង្ហាញទៅដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យដឹងកាន់តែយល់ច្បាស់ស៊ីជម្រៅអំពីទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា វៀតណាមគ្រប់កាលៈទេសៈ ។ ជាពិសេស ក្នុងវិស័យកងទ័ពរវាងប្រទេសទាំងពីរ ដែលបានងើបរួមគ្នាតវ៉ា និងរើសបម្រាស់ខ្លួនចេញពីអាណានិគមន៍នាពេលកន្លងមក។
ក្នុងឱកាសនោះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញសម្ដេចតេជោចូលរួមអបអរសាទរទិវាជ័យជំនះ៨០ឆ្នាំ នៃទិវារំលឹកអនុស្សាវរីយ៍បុណ្យឯករាជជាតិរបស់វៀតណាមលើកទី៨០ នាពេលខាងមុខ។
ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ដចំពោះគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា វៀតណាមនៅប្រទសវៀតណាមនេះ បន្ទាប់ពីប្រទេសកម្ពុជាបានកសាងស្ដូបមិត្ដភាពកម្ពុជា វៀតណាមរួចហើយ។
សម្ដេចតេជោបានមានប្រសាសន៍ថា ការសាងសង់ស្ដូបមិត្ដភាពកម្ពុជា វៀតណាម គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចស្នើចាប់តាំងពីឆ្នាំ២០២០មកម្លេះ ដើម្បីធ្វើយ៉ាងណាឱ្យមានស្ដូបមិត្ដភាពកម្ពុជា វៀតណាមនៅក្នុងប្រទេសវៀតណាម ។
សម្ដេចតេជោបានបញ្ជាក់ថា ការជំរុញសាងសង់ស្ដូបមិត្ដភាពកម្ពុជា វៀតណាមនេះ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញពីការដឹងគុណគ្នាក្នុងការជួយគ្នាទៅវិញទៅមក ។
សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមនាពេលកន្លងទៅដែលបានស្វាគមន៍ចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្ដៅក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងទិវាខូប៥០ ឆ្នាំ នៃការរំដោះភាគខាងត្បូងរបស់វៀតណាមនាពេលកន្លងមក។
សំឡេង«សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា វៀតណាម ពិសេស រំលឹកអំពីព្រឹត្ដការណ៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ ដែលជាខួប៤៧ ឆ្នាំនៃដំណើររបស់សម្ដេចទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត »។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ខួបអនុស្សារវីយ៍លើកទី៥០ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចនឹងអញ្ជើញទៅដោយផ្ទាល់តែម្ដង ដើម្បីរំលឹកប្រវត្ដិសាស្រ្ដ ក៏ដូចជា ក្នុងដំណើររបស់សម្ដេចដែលយកអាយុជីវិតធ្វើជាដើមទុន សម្រាប់ឆ្ពោះទៅរំដោះប្រទេសជាតិក្នុងឱកាសនោះ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការយ៉ាងស្អិតល្មួតរវាងកងទ័ពកម្ពុជា វៀតណាម ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្ដិការកម្ពុជា វៀតណាមឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យកងទ័ពផងដែរ៕