វិទ្យុជាតិកម្ពុជា អេង នារីរតន៍
ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ។
ពាក់ព័ន្ធកិច្ចប្រជុំនេះ បើតាមប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅក្នុងតេឡេក្រាម នាថ្ងៃទី៤ ខែមិថុនា នេះគឺក្រសួងការបរទេសខ្មែរបានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ ។
អ្នកនាំពាក្យបន្តថា ក្នុងជំនួបទ្វេភាគីនៅទីក្រុង តូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរកម្ពុជា-ថៃ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ជួបពិភាក្សាការងារគ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីៗនេះ។
ឯកឧត្តម ជុំ សុន្ទរីបញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន ។ ក្នុងនោះកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ៕