វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៤ ៦ ២៥
អន្តរជាតិ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ជំនួបរវាងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនទំនងជាមិនអាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះបាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Peskov បាននិយាយថា ខណៈពេលដែលមេដឹកនាំរុស្ស៊ីនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ លោកជឿជាក់ថាកិច្ចប្រជុំបែបនេះគួរតែកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានសម្រេច និងដំណើរការនៅកម្រិតបច្ចេកទេស។ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទសម្រាប់ជុំទីពីរនៃកិច្ចចរចាផ្ទាល់ ក្នុងអំឡុងពេលដែលភាគីទាំងពីរបានយល់ព្រមលើការផ្លាស់ប្តូរអ្នកទោស ពិភាក្សាអំពីបញ្ហាមនុស្សធម៌ និងផ្លាស់ប្តូរសេចក្តីព្រាងសំណើសន្តិភាពដែលបង្ហាញពីលក្ខខណ្ឌជាក់ស្តែងសម្រាប់ការដោះស្រាយវិបត្តិ។ លោក Peskov បានបន្តថា កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនត្រូវបានសម្រេចកាលពីថ្ងៃចន្ទនៅទីក្រុងអ៊ីស្តង់ប៊ុល ហើយថាទីក្រុងម៉ូស្គូនឹងរង់ចាំការឆ្លើយតបរបស់ទីក្រុងគៀវ ចំពោះអនុស្សរណៈសន្តិភាពដែលមន្ត្រីរុស្ស៊ីបានប្រគល់ឱ្យភាគីអ៊ុយក្រែន៕