វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ កម្ពុជា និងប៊ុលហ្គារីប្តេជ្ញាពង្រឹងទំនាក់ទំនងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្ដូរវប្បធម៌ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសប្រគល់សារតាំងរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមRumen Radev ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារីនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី មានប្រសាសន៍ថា ភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា និងប៊ុលហ្គារី មានដូចជា តន្រ្តី សិល្បៈប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្ត្រ ដើរតួជាទ្វារឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក ជាពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។ ឯកឧត្តមសន្យាថា នឹងផ្សព្វផ្សាយព្រឹត្តិការណ៍វប្បធម៌ប្រទេសទាំងពីរ ដើម្បីលើកទឹកចិត្តឱ្យមានការយោគយល់ បង្កើនមិត្តភាពបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម Rumen Radev ប្រធានាធិបតីប៊ុលហ្គារីបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ កម្ពុជា និងប៊ុលហ្គារី ។
ឯកឧត្តមប្រធានាធិបតីប៊ុលហ្គារីបានត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ព្រោះ កិច្ចសហប្រតិបត្តិការរវាងប៊ុលហ្គារី និងកម្ពុជា ស្ថិតក្នុងទម្រង់ពហុភាគីរបស់អង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រសហភាពអឺរ៉ុប និងអាស៊ាន រួមទាំងក្នុងលក្ខខណ្ឌនៃការគាំទ្រទៅវិញទៅមក។
ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីបង្ហាញការពេញចិត្តយ៉ាងខ្លាំងដែលឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ដែលជាអតីតនិស្សិតរៀននៅប្រទេសប៊ុលហ្គារី ហើយបានស្គាល់យ៉ាងច្បាស់អំពី ប្រវត្តិសាស្ត្រ ប្រជាជន វប្បធម៌ និងមានមិត្តភក្តិជាច្រើននៅប្រទេសប៊ុលហ្គារីនេះ ៕